ជីវិតនៅក្នុងកសិដ្ឋាន
ដោយ ជា តាគីហ៊ីរ៉ូ l English l ភាសាខ្មែរ

ដូចជាកសិករដទៃទៀតដែរ ជីវិតនៅក្នុងចំការរបស់ពួកយើង គឺតម្រូវឱ្យមានការខិតខំប្រឹងប្រែងខ្លាំង ដោយប្រើប្រាស់ទាំងកម្លាំងកាយ និងការយកចិត្តទុកដាក់ខ្ពស់លើដំណាំ។ ចាប់ពីព្រឹកព្រលឹមរហូតដល់ថ្ងៃលិច ពីមួយរដូវទៅមួយរដូវ យើងបានតាមដាន មើលឃើញតាំងពីគ្រាប់ពូជ រហូតដល់ពួកវាដុះចេញជាពន្លក់ ក្លាយជាដើម លាស់ត្រួយ ចេញផ្កា ផ្ដល់ផ្លែផ្កា រហូតដល់ទុំ និងជ្រុះរោយទៅតាមវដ្តនៃធម្មជាតិ។ ក្នុងចំការរបស់យើងមានដាំដំណាំចម្រុះជាច្រើន រួមមាន កាហ្វេ ប័រ ចេក កាកាវ ខ្នុល ម្នាស់ និងដំណាំផ្សេងៗទៀត។ យើងដាំដុះចម្រុះទៅតាមស្ថានភាពដី និងភូមិសាស្ត្រនៃប្លង់ចំការរបស់យើង។
ក្នុងស្ថានភាពដែលត្រូវប្រឈមនឹងវិបត្តិអាកាសធាតុសកល និងកង្វះខាតទឹក ការដាំ “ដំណាំគម្រប” គឺមានសារៈសំខាន់ណាស់សម្រាប់ដី និងដំណាំ។ ថ្វីបើមានដំណាំច្រើនមុខ ប៉ុន្តែដំណាំអាទិភាពរបស់យើងគឺ “កាហ្វេ”។ ដូចនេះ យើងបានដាំចេក ខ្នុល ប័រ និងដើមឈើប្រណីតមួយចំនួនដូចជា ក្រញូង និងធ្នង់ (Pterocarpus trees) នៅតាមតំបន់ផ្សេងៗក្នុងចំការ ដើម្បីរក្សាសំណើម ទប់ខ្យល់ ធ្វើជាខែលការពារសត្វល្អិតចង្រៃ និងដើម្បីទាក់ទាញសត្វដែលមានប្រយោជន៍ដល់ចំការ ជំនួសឱ្យការប្រើប្រាស់ថ្នាំពុលគីមី។
ថ្នាលបណ្តុះកូនឈើ

យើងក៏មានថ្នាលបណ្តុះកូនឈើផ្ទាល់ខ្លួនផងដែរ។ ក្រៅពីផលិតកូនដំណាំសម្រាប់ប្រើប្រាស់ខ្លួនឯង យើងក៏បានចែកចាយក្នុងតម្លៃសមរម្យដល់កសិករមកពីបណ្តាខេត្តផ្សេងៗ ដែលចង់បានកូនដំណាំដែលបណ្តុះដោយប្រើល្បាយដី និងជីកំប៉ុសពីចំការយើងផ្ទាល់។ ការមានថ្នាលបណ្តុះកូនដំណាំ ជួយឱ្យយើងមានកូនឈើថ្មីសម្រាប់ដាំជំនួសដើមដែលងាប់ និងជួយកាត់បន្ថយចំណាយបានមួយផ្នែកធំ។ ជាពិសេស យើងផ្ដោតលើការបណ្តុះពូជដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីការបន្សុទ្ធពូជពីដើមមេបាដែលបានដាំដុះលូតលាស់ស៊ាំនឹងបរិស្ថានក្នុងតំបន់រួចជាស្រេច។ (សម្រាប់ពត៌រមានលំអិតអំពីកូនដំណាំ លោកអ្នកអាចទំនាក់ទំនងបាន)
ការងារពួកយើងក្នុងរដូវប្រាំង (ចាប់ពីខែធ្នូ ដល់ខែឧសភា)

ការផ្តល់ទឹកដល់ដំណាំ៖ ការងារចំការរបស់យើងបែងចែកតាមរដូវកាល។ នៅរដូវប្រាំង ការងារចម្បងគឺការស្រោចទឹក។ ថ្វីបើចំការស្ថិតនៅតំបន់ខ្ពង់រាបដែលមានប្រភពទឹកកម្រិតកំណត់ ប៉ុន្តែការផ្តល់ទឹកឱ្យបានគ្រប់គ្រាន់គឺចាំបាច់ណាស់សម្រាប់ការលូតលាស់។ ពេលវេលាល្អបំផុតសម្រាប់ការស្រោចទឹកគឺ ពេលព្រឹក (ម៉ោង ៧ ដល់ ១០) និងពេលរសៀល (ម៉ោង ២ ដល់ ៦) យ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍។
សម្រាប់កសិករនៅតំបន់ប៊ូស្រា ដែលមានប្រភពទឹកសម្បូរ ពេលដំណាំមានអាយុ ៣ ទៅ ៤ ឆ្នាំ (ពេលមែកកាហ្វេដុះជិតជួបគ្នា) ពួកគាត់ស្រោចទឹកតែ ២ ឬ ៣ ដងប៉ុណ្ណោះក្នុងមួយខែ ដោយប្រើក្បាលបាញ់ទឹកខ្នាតធំ (Big Gun Sprinkler) ក្នុងរយៈពេលយូរ (១ ទៅ ២ ម៉ោង)។ គោលដៅគឺ៖
ដើម្បីផ្តល់សំណើម និងលាងជម្រះកម្ទេចកំទីលើស្លឹក។
ដើម្បី “ដាស់” ដើមកាហ្វេឱ្យភ្ញាក់ពីការសម្រាក (Dormancy) មុនរដូវវស្សាមកដល់។ ការស្រោចបែបនេះគឺធ្វើតាមលំនាំ “ភ្លៀងកក់ខែ” ដែលជំរុញឱ្យដំណាំចាប់ផ្តើមលាស់ស្លឹក និងចេញផ្កាមុនរដូវ។
តើអ្វីទៅជាការសម្រាករបស់រុក្ខជាតិ? (Plant’s Dormancy): វាគឺជាលក្ខខណ្ឌធម្មជាតិដែលរុក្ខជាតិផ្អាកការលូតលាស់នៅពេលអាកាសធាតុមិនអំណោយផល។ នៅតំបន់ភ្នំ ការសម្រាកកើតឡើងក្នុងរដូវប្រាំង។ រុក្ខជាតិនឹងជម្រុះស្លឹក ហើយស្មៅប្តូរពណ៌ពីបៃតងទៅលឿង។ ពន្លឺថ្ងៃ និងការជម្រុះស្លឹកនេះ ជួយសម្លាប់ភ្នាក់ងារចង្រៃដូចជា ផ្សិត និងបាក់តេរីមិនល្អ។ ទោះជាយ៉ាងណា បើកម្តៅខ្លាំងពេក និងអូសបន្លាយយូរហួសកម្រិត វាក៏អាចធ្វើឱ្យដំណាំខូចខាតផងដែរ។
ការថែទាំ៖ យើងធ្វើការកាត់ស្មៅ សម្អាតបរិវេណគល់ និង “គ្របគល់” ដោយប្រើដើមចេក និងស្លឹកចេក ដើម្បីកាត់បន្ថយការហួតទឹក និងរក្សាសំណើមដី។ ក្រៅពីនេះ យើងក៏ផលិត “ជីកំប៉ុសប្រចាំរដូវ” ដោយប្រើលាមកសត្វ និង “ធ្យូងជីវៈ” (Biochar)។ ការប្រើប្រាស់ធ្យូងជីវៈនេះធ្វើឱ្យដីមានសភាព “ធូរ និងមានដង្ហើម” ជួយឱ្យទឹកជ្រាបបានលឿន ជៀសវាងការដក់ទឹកដែលនាំឱ្យរលួយឫស និងបង្កើនវត្តមាន “ជន្លេន” ដែលជាភ្នាក់ងារភ្ជួររាស់ដីធម្មជាតិ។
ការងារពួកយើងក្នុងរដូវវស្សា (ចាប់ពីខែឧសភា ដល់ខែ វិឆ្ឆិការ)

ការគ្រប់គ្រងដី និងដំណាំ៖ ការងារចម្បងគឺការគ្រប់គ្រងស្មៅដោយការកាត់ (មិនប្រើថ្នាំសម្លាប់ស្មៅ) និងការដាំដុះកូនឈើថ្មី។ ក្នុងរដូវនេះ បញ្ហាប្រឈមគឺការប្រែប្រួលបរិមាណទឹកភ្លៀង។ បើភ្លៀងច្រើនពេក និងខ្វះពន្លឺថ្ងៃ វានឹងបង្កឱ្យមានជំងឺផ្សិត។ យើងកែសម្រួលដោយការដកគម្របគល់ចេញនៅតំបន់ទំនាប ដើម្បីការពារកុំឱ្យជាំទឹក និងពួនដីឱ្យខ្ពស់ជុំវិញគល់។ ចំពោះដំណាំម្លប់ យើងត្រូវកាត់រំលាស់មែកខ្លះ ដើម្បីឱ្យពន្លឺថ្ងៃចាំងចូលដល់ដើមកាហ្វេខាងក្រោម។
ការដាក់ជី និងការប្រមូលផល៖ ដើមរដូវវស្សាជាពេលល្អបំផុតសម្រាប់ដាក់ជីកំប៉ុស។ ទឹកភ្លៀងជួយនាំយកសារធាតុ “អាសូត” (Nitrogen) ពីបរិយាកាសមកឱ្យរុក្ខជាតិផងដែរ។ ចំពោះការប្រមូលផល បងប្អូនកសិករនៅខេត្តមណ្ឌលគិរី តែងពោលថា៖ “រដូវភ្លៀងជាពេលពិបាកបំផុត ភ្លៀងរាំងៗ ជួនកាលភ្លៀងជាប់គ្នា ១០ ថ្ងៃក៏មាន។ ប៉ុន្តែសម្លេងទឹកភ្លៀងធ្លាក់ គឺជាសម្លេងលុយធ្លាក់មកដែរ។” នេះមានន័យថា ជាពេលដែលត្រូវដាំដុះ និងប្រមូលផលដំណាំដូចជា៖ ដំណាំត្រូវដាំ ដូចជាដំឡូងមី ស្រូវជាដើម ដំណាំត្រូវប្រមូលផល ដូចជាផ្លែ ប័រ ធុរ៉េន ចេក ម្រេច និងកាហ្វេជាដើម។
យន្តការគ្រប់គ្រង សត្វល្អិតដោយធម្មជាតិ

យើងបានបញ្ឈប់ការប្រើប្រាស់សារធាតុគីមីទាំងស្រុង ដោយសារមានជំនួយពី “ភ្នាក់ងារការពារធម្មជាតិ”៖
សត្វស្លាប៖ ជួយត្រួតពិនិត្យ និងស៊ីសត្វល្អិតចង្រៃ។
សត្វល្អិតមានប្រយោជន៍៖ យើងដាំផ្កាចម្រុះពណ៌ដើម្បីទាក់ទាញ “អណ្តើកមាស”។
ភ្នាក់ងារបង្កកំណើត៖ សម្រាប់ ដំណាំជាទូទៅ នៅក្នុងចំការរបស់យើង ដូចជា ផាសសិន ប័រ ជាពិសសេស ដំណាំកាហ្វេ អារ៉ាបីការ (Arabica) និង រ៉ូប័រស្តា (Robusta) វត្តមានរបស់ “ឃ្មុំព្រៃ” យ៉ាងច្រើនលើសលប់នៅពេលផ្កាកាហ្វេរីក គឺជាសញ្ញាវិជ្ជមានបំផុតសម្រាប់ការលម្អងផ្កា និងការផ្ដល់ផ្លែផ្កា។ ការពឹងអាស្រ័យទៅវិញទៅមក រវាងកសិករ និងប្រព័ន្ធអេកូឡូស៊ី គឺជាខែលការពារយើងពីសារធាតុគីមី។ ការគោរពធម្មជាតិ និងការប្រើប្រាស់ធនធានប្រកបដោយ “និរន្តរភាព” នឹងជួយឱ្យធម្មជាតិរស់បាន ហើយយើងក៏រស់បានយ៉ាងមានសុភមង្គល និងសុខភាពល្អ។
យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនកសិករដែលចង់ស្វែងយល់ និងចូលរួមពិសោធន៍ជាមួយយើង។ យើងរីករាយទទួលយកការផ្តល់យោបល់ដើម្បីកែលម្អ និងជំរុញបេសកកម្មនេះឱ្យទៅមុខ ដើម្បីជាចំណែកតូចមួយក្នុងវិស័យកសិកម្មរបស់កម្ពុជា ក៏ដូចជាពិភពលោក។
