តើអ្វីទៅជាអតិសុខុមប្រាណ?


ជា តាគីហ៊ីរ៉ូ | English | ភាសាខ្មែរ

Photo Artwork by Chea Takihiro

អតិសុខុមប្រាណ គឺជាភាវៈមានជីវិតតូចៗ ដែលយើងមិនអាចមើល និងអង្កេតដោយភ្នែកទទេបានឡើយ។ អតិសុខុមប្រាណមាននៅគ្រប់ទីកន្លែង ក្នុងដី ទឹក ខ្យល់ និងក្នុងខ្លួនសត្វគ្រប់ប្រភេទរួមទាំងមនុស្សផងដែរ។ អ្នកខ្លះបានពោលថា អតិសុខុមប្រាណគឺជាដើមកំណើតអ្វីៗគ្រប់យ៉ាង ហើយធម្មជាតិមានជីវិតក៏មិនអាចរស់ដោយខ្វះអតិសុខុមប្រាណបានឡើយ។ អតិសុខុមប្រាណគឺមានទំនាក់ទំនងយ៉ាងសំខាន់ និងអស្ចារ្យសម្រាប់ធម្មជាតិ និងមនុស្ស។ វិបត្តិសង្គ្រាម គ្រោះអត់ឃ្លាន ការរស់នៅកង្វះអនាម័យដោយសារភាពក្រីក្រ និងជំងឺរាតត្បាត បានធ្វើឱ្យមនុស្សជាច្រើនយល់ថា មេរោគអាក្រក់ និងអតិសុខុមប្រាណគឺជាក្រុមតែមួយ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានអះអាងថា អតិសុខុមប្រាណ ៩៩% គឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

មនុស្សយើងបានមើលឃើញអតិសុខុមប្រាណដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ ១៦៦០ (សតវត្សរ៍ទី ១៧) ដោយលោក អង់តូនី វ៉ាន់ លេវេនហ៊ុក (Antonie van Leeuwenhoek) ជនជាតិហូឡង់។ លោកមិនមែនជាជីវវិទូទេ ហើយលោកគ្រាន់តែជាអ្នកជំនួញលក់ក្រណាត់ និងជាមន្ត្រីរដ្ឋបាលក្រុង ដេលហ្វ (Delft) នៃប្រទេសហូឡង់ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ ១៦៦០ លោកត្រូវការកែវពង្រីកដើម្បីពិនិត្យមើលគុណភាពសរសៃអំបោះសម្រាប់ធ្វើក្រណាត់។ ដោយមិនពេញចិត្តនឹងកែវពង្រីកដែលមាននៅលើទីផ្សារ ដែលមិនអាចឱ្យលោកឆ្លុះពិនិត្យមើលសរសៃអំបោះបានល្អ លោកក៏សម្រេចបង្កើតកែវពង្រីកនោះដោយខ្លួនឯង។

របកគំហើញដែលកើតចេញពីការមិនពេញចិត្តរបស់ដែលមានលក់ស្រាប់នៅលើទីផ្សារនៅពេលនោះ គឺជាកំណើតនៃមីក្រូទស្សន៍ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ កែវពង្រីកដែលលោក អង់តូនី ធ្វើដោយដៃ គឺអាចពង្រីកបានរហូតដល់ ២៧៥ ទៅ ៥០០ ដង (ច្បាស់ជាងមីក្រូទស្សន៍សម័យនោះ)។ ដោយសារភាពចង់ដឹងចង់ឃើញបន្ថែម លោកបានយកទឹកបឹង ទឹកភ្លៀង និងតំណក់ឈាមមកពិនិត្យ រហូតក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានឃើញបាក់តេរី និងអតិសុខប្រាណ ប្រូតូសូអ៊ែរស់ហើយមានចលនា ហើយលោកបានហៅពួកវាថា សត្វល្អិតតូចៗ (Animalcules) ដែរភ្នែកមនុស្សធម្មតាមិនអាចមើលឃើញ។

អ្នកគីមីវិទ្យា និងរូបវិទ្យាម្នាក់ទៀត ដែលបានធ្វើឱ្យមនុស្សជាតិយើងបានស្គាល់ និងយល់ពីអតិសុខុមប្រាណបានច្បាស់លាស់នោះគឺ លោក ល្វី ប៉ាស្ទ័រ (Louis Pasteur, ១៨២២–១៨ញ៩៥)។ លោកជាអ្នកគីមីវិទ្យា និងអ្នករូបវិទ្យាជនជាតិបារាំង ដែលដើមឡើយផ្តោតលើការសិក្សាទម្រង់ក្រាម/គ្រីស្តាល់នៃសារធាតុគីមី។ ទម្រង់ក្រាម/គ្រីស្តាល់នៃសារធាតុគីមី គឺជាការសិក្សាលម្អិតថាតើម៉ូលេគុលនៃសារធាតុគីមីមួយមានធាតុផ្សំអាតូមអ្វីខ្លះ។ ជាឧទាហរណ៍ ម៉ូលេគុលទឹកមួយ ដែលមានរូបមន្តគីមី H₂O មានអាតូមអ៊ីដ្រូសែន ២ និងអុកស៊ីសែន ១។ វាហាក់ដូចជារឿងចៃដន្យក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរបស់យើង ព្រោះលោក ប៉ាស្ទ័រ ហាក់មិនបានចាប់អារម្មណ៍ ឬយកចិត្តទុកដាក់លើផ្នែកជីវវិទ្យានោះទេ។ រហូតដល់នៅក្នុងឆ្នាំ ១៨៥៦ ម្ចាស់រោងចក្រផលិតស្រាម្នាក់នៅក្រុង លីល (Lille) បានពឹងពាក់លោកឱ្យជួយដោះស្រាយវិបត្តិដ៏ធំមួយរបស់សហគ្រាស ព្រោះថាស្រាដែលគាត់បានបិទ និងផ្អាប់តាមវិធីសាស្ត្រដែលគាត់ធ្លាប់ធ្វើកន្លងមក ប្រែទៅជាជូរខូចអស់។ រោងចក្រចង់ឱ្យលោក ប៉ាស្ទ័រ រកឱ្យឃើញពីមូលហេតុដែលធ្វើឱ្យស្រាប្រែជាជូរខូច និងរកវិធីសាស្ត្រដើម្បីដោះស្រាយ។

លោក ប៉ាស្ទ័រ បានពិនិត្យតាមមីក្រូទស្សន៍ ឃើញថា កោសិកាអតិសុខុមប្រាណមេស្រា/ដំបែ (Yeast) ដែលមានរាងមូល គឺជាអ្នកបង្កើតអាល់កុលល្អ ប៉ុន្តែបាក់តេរីរូបរាងវែង (Rod-shaped) គឺជាអ្នកបង្កឱ្យស្រាជូរខូច។

តាមរយៈការរកឃើញរបស់លោក ប៉ាស្ទ័រ នេះ ធ្វើឱ្យលោកទាញសេចក្តីសន្និដ្ឋានថា អតិសុខុមប្រាណមួយប្រភេទធ្វើឱ្យស្រាល្អ និងអតិសុខុមប្រាណមួយប្រភេទទៀតក៏បានធ្វើឱ្យស្រាជូរខូចដែរ ដូច្នេះអតិសុខុមប្រាណក៏ជាអ្នកជួយបង្កើតសារធាតុចិញ្ចឹម ហើយក៏មានអតិសុខុមប្រាណជាអ្នកបង្ករោគផងដែរ។ នៅសម័យនោះ មនុស្សគ្រប់គ្នាយល់ថា ជំងឺគឺកើតឡើងដោយឯងៗ បន្ទាប់ពីធ្វើការសិក្សាពីអតិសុខុមប្រាណ និងពិសោធន៍យ៉ាងត្រឹមត្រូវតាមលក្ខណៈវិទ្យាសាស្ត្រ លោកបានចេញរបាយការណ៍ស្រាវជ្រាវមានចំណងជើងថា “អ្នកបង្ករោគ”។ លោកបានបដិសេធការយល់ឃើញថា ជំងឺគឺកើតឡើងដោយឯងៗ ចំពោះលោក ជំងឺគឺកើតចេញពីសារធាតុគីមី នៃអតិសុខុមប្រាណតូចៗដែលមានទម្រង់ជាបាក់តេរីអាក្រក់។

ឧទាហរណ៍ដ៏សាមញ្ញមួយ បើយើងយកស៊ុបដែលបានចំអិនកាលពីបីថ្ងៃមុន។ ស៊ុបនេះ គឺបានជូរផ្អូមបាត់ទៅហើយ ហើយបើអ្នកណាម្នាក់ហ៊ានហូបស៊ុបនោះ អ្នកនោះនឹងមានអាការៈខ្អួតចង្អោរ និងរាគរូសមិនខាន។ បាក់តេរីជាច្រើនប្រភេទក្នុងបរិយាកាស បានចូលទៅរស់នៅ និងបំបែកស៊ុបនោះ។ ផ្ទុយមកវិញ ជ្រក់បន្លែដែលបានធ្វើ និងផ្អាប់ទុកកាលពីបីថ្ងៃមុនដូចគ្នា យើងអាចបរិភោគជ្រក់នោះបាន ជាមួយនឹងរសជាតិដ៏ឆ្ងាញ់ពិសាទៅវិញ។ ព្រោះថាវត្ថុធាតុដើមសម្រាប់ធ្វើជ្រក់ រួមមាន ទឹកខ្មេះ អំបិល និងទឹកដាំពុះ គឺបានសម្លាប់មេរោគភាគច្រើន ហើយបន្សុទ្ធ និងបង្កើតតែបាក់តេរីល្អៗ ដែលអាចរស់នៅ និងស៊ាំនឹងបរិយាកាសនៃជ្រក់នោះតែប៉ុណ្ណោះ។

លោក ល្វី ប៉ាស្ទ័រ រូបភាពដោយ Copilot

ការរកឃើញនេះ ធ្វើឱ្យលោកយល់អំពីឥទ្ធិពលនៃសារធាតុគីមីសរីរាង្គ ដែលបញ្ចេញដោយ និងធ្វើប្រតិកម្មគីមីដោយអតិសុខុមប្រាណ អាចធ្វើឱ្យមានការប្រែប្រួលយ៉ាងសម្បើមនៅក្នុងជីវភាពប្រចាំថ្ងៃ ហើយនេះជាទំព័រថ្មីនៃការសិក្សាវទ្យាសាស្ត្របែបទំនើប។ អតិសុខុមប្រាណ បានធ្វើឱ្យលោកមានការចាប់អារម្មណ៍ បន្តការសិក្សាពីជីវិត និងឥទ្ធិពលរបស់ពួកវា។ របកគំហើញមួយដែលមនុស្សគ្រប់រូបទទួលស្គាល់ស្នាដៃលោក និងមិនអាចបំភ្លេចបាន គឺការរកឃើញវ៉ាក់សាំងនៃជំងឺឆ្កែឆ្កួត។ តើការផ្លាស់ប្តូរពីអ្នកគីមីវិទ្យា និងរូបវិទូរបស់លោក ល្វី ប៉ាស្ទ័រ ទៅជាជីវវិទូ ហើយជាអ្នករកឃើញវ៉ាក់សាំងជំងឺឆ្កែឆ្កួតយ៉ាងដូចម្តេច? សូមអានរឿងរ៉ាវលម្អិតរបស់លោក។

នៅក្នុងឆ្នាំ ១៨៧៧ លោក ល្វី ប៉ាស្ទ័រ និងសហការី បានសង្កេតឃើញបាតុភូតម្យ៉ាងហៅថា “ការតតាំងប្រឆាំងគ្នារវាងអតិសុខុមប្រាណ” (Microbial Antagonism)។ នៅក្នុងការពិសោធន៍មួយ លោកបានរកឃើញថា បាក់តេរីសាមញ្ញដែលមាននៅក្នុងដី អាចទប់ស្កាត់ និងសម្លាប់បាក់តេរីបង្កជំងឺអានត្រាក់ (Anthrax) បាន។ នៅសម័យនោះ លោក ប៉ាស្ទ័រ បានទស្សន៍ទាយទុកថា៖ «ថ្ងៃណាមួយ មនុស្សយើងអាចនឹងយកអតិសុខុមប្រាណដែលគ្មានគ្រោះថ្នាក់ មកប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគបង្កជំងឺផ្សេងៗ»។

៣៣ ឆ្នាំ ក្រោយមរណភាពលោក ល្វី ប៉ាស្ទ័រ មីក្រូជីវវិទូជនជាតិស្កុតឡែន គឺលោក អាឡិចសាន់ដឺ ហ្វ្លេមីង (Alexander Fleming) បានបំប្លែងមីក្រូប្រភេទផ្សិតឈ្មោះ ប៉េនីស៊ីលីញ៉ូម ណូតាតូម (Penicillium notatum) ឱ្យទៅជាថ្នាំប្រឆាំងនឹងមេរោគបង្កជំងឺ ដែលគ្រប់គ្នាស្គាល់ថាជាថ្នាំផ្សះ ឬយើងហៅឈ្មោះតៗគ្នាថា ថ្នាំប៉េនីស៊ីលីន (Penicillin)។

ជារបកគំហើញដោយចៃដន្យ គឺនៅក្នុងឆ្នាំ ១៩២៨ លោកបានភ្លេចលាងចានពិសោធន៍មួយដែលមានផ្ទុកដោយសំណាកបាក់តេរី ស្តាហ្វីឡូកុក (Staphylococcus) ដែលជាបាក់តេរីបង្ករោគ ដូចជារោគសើស្បែក ពុលអាហារ ជំងឺសួត ជំងឺបេះដូង ។ល។ លោកបានទុកចាននោះនៅក្បែរបង្អួច។ ពេលត្រឡប់មកពីវិស្សមកាលវិញ លោកបានសង្កេតឃើញផ្សិតបៃតងម្យ៉ាងឈ្មោះថា ប៉េនីស៊ីលីញ៉ូម ណូតាតូម (Penicillium notatum) បានដុះលើចាននោះ ហើយនៅជុំវិញដុំផ្សិតនោះ បាក់តេរីស្តាហ្វីឡូកុកទាំងអស់ត្រូវបានរលាយស្លាប់អស់។

ថ្នាំផ្សះសំខាន់ៗដែលបានសង្គ្រោះជីវិតមនុស្សនៅសតវត្សទី ២០ ដូចជាប្រភេទថ្នាំ ស្ត្រិបតូម៉ាយស៊ីន (Streptomycin) មិនមែនបានមកពីផ្សិតក្នុងខ្យល់ដូចប្រភេទថ្នាំ ប៉េនីស៊ីលីន (Penicillin) ឡើយ។ ថ្នាំអង់ទីប៊ីយោទិច ស្ត្រិបតូម៉ាយស៊ីននេះ (Streptomycin) ត្រូវបានចម្រាញ់ចេញពីបាក់តេរីក្នុងដីប្រភេទ អាក់ទីណូបាក់តេរី (Actinobacteria) ដោយលោក សែលមេន វ៉កស្មេន (Selman Waksman) ដែលជាអ្នកវិទ្យាសាស្ត្រដី។

លោក សែលមេន និងក្រុមការងាររបស់លោក បានបង្កើតគោលការណ៍សំខាន់ៗក្នុងវិទ្យាសាស្ត្រសិក្សាពីដី និងអតិសុខុមប្រាណ ហើយរៀបចំទ្រឹស្តីនៃ “រចនាសម្ព័ន្ធបរិស្ថានសមស្របសម្រាប់អតិសុខុមប្រាណ” អាចរស់នៅ និងលូតលាស់បាន។ ក្នុងទ្រឹស្តីនោះ លោកបានយកផលធៀបនៃសារធាតុគីមីសំខាន់ ២ គឺកាបូន និងអាសូត ប្រហែល ៣០:១ (C:N Ratio 30:1)។ និយាយឱ្យងាយយល់ទៅ បរិមាណកាបូន ៣០ និងអាសូត ១ គឺជាបរិមាណសារធាតុគីមីសមស្របបំផុត សម្រាប់ឱ្យអតិសុខុមប្រាណក្នុងដីរស់នៅ ដែលអាចបំបែកធាតុសរីរាង្គបានយ៉ាងមានប្រសិទ្ធភាព។ គោលការណ៍នេះហើយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើជីកំប៉ុស្តសរីរាង្គ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមីហួសកម្រិត រក្សាប្រព័ន្ធអេកូឡូស៊ីនៃអតិសុខុមប្រាណក្នុងដីឱ្យមានជីវិតបន្ត និងធ្វើឱ្យដីមានជីជាតិរឹងមាំ អាចដាំដុះបានរាប់សិបជំនាន់តទៅមុខទៀត។ សូមអានលម្អិតពីការពិសោធន៍របស់លោក សែលមេន វ៉កស្មេន នៃមូលដ្ឋានគ្រឹះនៃរបៀបធ្វើជីសរីរាង្គ។

Painting of Selman Waksman with his research team by Copilot

អតិសុខុមប្រាណ និងជីវិតថ្មី

មានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍មួយទៀត ដែលមិននឹកស្មានដល់ តើអ្នកទាំងអស់គ្នាដឹងទេថា តើរាងកាយមនុស្សយើងមានអតិសុខុមប្រាណប៉ុន្មាន? រាងកាយរបស់យើង មានអតិសុខុមប្រាណ (បាក់តេរី ផ្សិត និងវីរុសល្អៗ) ប្រមាណ ៣៨ ទ្រីលាន (38,000,000,000,000) ដែលភាគច្រើនរស់នៅក្នុងពោះវៀនធំ។ បើប្រៀបធៀបចំនួនមនុស្សយើងនៅលើភពផែនដី ដែលមានត្រឹម ៨ ពាន់លាននាក់ ទៅនឹងចំនួនអតិសុខុមប្រាណដែលរស់នៅក្នុងខ្លួនយើងម្នាក់ យើងឃើញថា វាមានចំនួនច្រើនជាងមនុស្សរស់នៅក្នុងភពផែនដី រហូតដល់ ៤,៧៥០ ដង។ ឬក៏អាចប្រៀបធៀបបានថា ខ្លួនយើងម្នាក់ គឺជាចក្រវាលសម្រាប់ភពផែនដីចំនួន ៤,៧៥០ ដែលបានផ្ទុកជីវិតអតិសុខុមប្រាណរាប់ពាន់ប្រភេទ ឱ្យរស់នៅ ទាញ និងផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក។

Artwork by Chea Takihiro

អតិសុខុមប្រាណគឺមានទំនាក់ទំនងជាមួយយើង តាំងពីយើងមានទម្រង់ជាអំប្រ៊ីយុងម្ល៉េះ។ ក្រោយការបង្កកំណើតមួយបានជោគជ័យ អំប្រ៊ីយុងមួយបានកើតឡើង ប៉ុន្តែអំប្រ៊ីយុងនេះកំពុងតែមានគ្រោះថ្នាក់ ដោយសារប្រព័ន្ធស៊ាំរបស់ម្តាយមិនទាន់ស្គាល់ ព្រោះដុំអំប្រ៊ីយុងមានផ្ទុក ហ្សេន DNA ឪពុក ៥០% ដែលជារបស់ពីខាងក្រៅខ្លួនម្តាយ។ រាងកាយម្តាយចាត់ទុកអំប្រ៊ីយុងជា «សារធាតុចម្លែក» ហើយប្រព័ន្ធស៊ាំម្តាយ ដូចជាកោសិកាពិឃាត យូអិនខេ (uNK – Uterine Natural Killer Cells) ដែលជាកោសិកាមានតួនាទីប្រឆាំងនឹងមេរោគមកពីខាងក្រៅ ត្រូវតែវាយប្រហារសារធាតុចម្លែកនេះ។ ប៉ុន្តែ កោសិកាស្រទាប់ក្រៅនៃអំប្រ៊ីយុង (Trophoblasts) បានបញ្ចេញប្រូតេអ៊ីនពិសេសមួយឈ្មោះ អេចអិលអេជី HLA-Gដើម្បី “បិទបាំង” កោសិកាស៊ាំម្តាយ មិនឱ្យចូលមកបំផ្លាញអំប្រ៊ីយុងឡើយ។ ជាធម្មតា ប្រព័ន្ធស៊ាំនឹងបញ្ចេញកោសិកាវាយប្រហារដើម្បីបណ្តេញសារធាតុចម្លែកនោះចេញ ដោយបង្កើតជា «ស្ថានភាពរលាក» (Inflammatory State) ដែលអាចបណ្តាលឱ្យរលូតកូន ឬអំប្រ៊ីយុងមិនអាចតោងស្បូនបាន។ ថ្វីបើកោសិកាស្រទាប់ក្រៅនៃអំប្រ៊ីយុងមានសមត្ថភាពបញ្ចេញប្រូតេអ៊ីនបិទបាំង និងទប់ទល់ពីការវាយប្រហារដោយកោសិកាប្រឆាំងមេរោគរបស់ម្តាយក៏ដោយក្តី ក៏អំប្រ៊ីយុងនោះមិនអាចទប់ឈ្នះ បើគ្មានជំនួយពីអតិសុខុមប្រាណជាអ្នកសម្របសម្រួលសន្តិភាព ដែលបានចេញមកអន្តរាគមន៍ឱ្យប្រព័ន្ធស៊ាំប្រឆាំងមេរោគរបស់ម្តាយ បន្ថយការវាយប្រហារលើដុំចម្លែកនោះឡើយ។

ក្រុមអតិសុខុមប្រាណក្នុងស្បូន និងទ្វារមាស ជាពិសេសអតិសុខុមប្រាណប្រភេទបាក់តេរីត្រកូល ឡាក់តូបាស៊ីលុស (Lactobacillus) ដូចជា ពួកបាក់តេរីឈ្មោះ ឡាក់តូបាស៊ីលុស ក្រីសផាតុស (Lactobacillus crispatus) ឡាក់តូបាស៊ីលុស ហ្គាសសេរី (Lactobacillus gasseri) ឡាក់តូបាស៊ីលុស ជិនសេនី (Lactobacillus jensenii) បានបង្កើត «បក្សសម្ព័ន្ធការពារអំប្រ៊ីយុង» (Loca Shield) ហើយបាក់តេរី Lactobacillus បញ្ចេញអាស៊ីតឡាក់ទិក (Lactic​​ Acid) ដើម្បីរក្សាកម្រិត pH ក្នុងស្បូន និងទ្វារមាសឱ្យស្ថិតក្នុងចន្លោះ ៣.៨ ដល់ ៤.៥។ កម្រិតអាស៊ីតនេះសម្លាប់បាក់តេរីអាក្រក់ផ្សេងៗ មិនឱ្យបង្កជា «ការរលាកស្រួចស្រាវ» (Acute Inflammation) និងមិនបង្កហានិភ័យដល់ដុំអំប្រ៊ីយុងឡើយ។ ព្រោះប្រសិនបើគ្មានបរិស្ថានអាស៊ីតការពារទេ ការឆ្លងបាក់តេរីអាក្រក់នឹងបង្កើតជាការរលាកកើតឡើងខ្លាំង ធ្វើឱ្យប្រព័ន្ធស៊ាំម្តាយច្រានអំប្រ៊ីយុងចេញពីស្បូនភ្លាមៗ (បង្កជាការរលូតកូន)។ បាក់តេរី ឡាក់តូបាស៊ីលុស Lactobacillus បញ្ចេញសារធាតុជីវគីមីមេតាបូលីត (Metabolites) ទៅប្រាប់កោសិកាស៊ាំក្នុងជញ្ជាំងស្បូនរបស់ម្តាយ ដូចជាកោសិកាពិឃាតយូអិនខេ (uNK Cells) ឱ្យបញ្ឈប់ការវាយប្រហារ ហើយប្រាប់ប្រព័ន្ធស៊ាំប្រឆាំងមេរោគម្តាយថា អំប្រ៊ីយុងនេះជា «ភ្ញៀវពិសេស» មិនមែនជាមេរោគអាក្រក់ឡើយ។

របៀបដែលអតិសុខុមប្រាណផ្សេងទៀតជួយអំប្រ៊ីយុង ដើម្បីឱ្យរាងកាយម្តាយទទួលយកពួកយើង

ក្រុមអតិសុខុមប្រាណក្នុងពោះវៀន (Gut Microbiome) ដូចជាពួកបាក់តេរី ប៊ីហ្វីដូបាស៊ីលុស (Bifidobacterium) ហ្វេស្កាលីបាស៊ីលុស ព្រាសនីតស៊ីអាយ (Faecalibacterium prausnitzii) និងអាក់កឺម៉ង់ស៊ីយ៉ា ម្យូស៊ីនីភីឡា (Akkermansia muciniphila) បានបំបែកអាហារសរសៃ ហើយបំប្លែងវាទៅជាអាស៊ីតខ្លាញ់ខ្សែខ្លី (SCFAs) ដែលសំខាន់បំផុតគឺសារធាតុ ប៊ុយទីរ៉ាត (Butyrate)។ ប៊ុយទីរ៉ាត មានតួនាទីសំខាន់ក្នុងការរក្សាសុខភាពពោះវៀន ដោយបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្ម និងការពារការខូចខាត DNA របស់អំប្រ៊ីយុង។

សារធាតុ Butyrate ជ្រៀបចូលក្នុងសរសៃឈាម រួចធ្វើដំណើរទៅរំញោចកោសិកាស៊ាំដំបូងរបស់ម្តាយ ឱ្យបំប្លែងខ្លួនទៅជាកោសិកា Treg (Regulatory T Cells)។ កោសិកា Treg នេះហើយគឺជា «ហ្វ្រាំង» ការពារកុំឱ្យប្រព័ន្ធស៊ាំម្តាយប្រឆាំងខ្លាំងលើដុំអំប្រ៊ីយុង។ កោសិកា Treg ដែលបង្កើតឡើងដោយសារបាក់តេរីពោះវៀន បានធ្វើដំណើរតាមកោសិកាឈាមរត់តម្រង់ទៅកាន់ជញ្ជាំងស្បូន។ ពេលទៅដល់ ពួកវាបញ្ចេញសារធាតុទប់ស្កាត់ការរលាក (ដូចជា IL–10 និង TGF–β) ដើម្បីធ្វើឱ្យកោសិកាស៊ាំម្តាយជុំវិញនោះស្ងប់ស្ងាត់ (Anti-inflammatory State) ទប់ស្កាត់មិនឱ្យកោសិកាឈាមសទម្លាក់ជាតិពុល ឬវាយប្រហារលើហ្សេន DNA របស់ឪពុកដែលមាននៅក្នុងអំប្រ៊ីយុងឡើយ។

លទ្ធផលចុងក្រោយ អំប្រ៊ីយុងតោងជាប់បានរឹងមាំ (Successful Implantation) លើជញ្ជាំងស្បូន និងមិនមានការរលាក ឬការវាយប្រហារ ធ្វើឱ្យអំប្រ៊ីយុងអាចកប់ខ្លួន និងកសាងសុក (Placenta) បានដោយសុវត្ថិភាព។ ស្ថានភាពស្ងប់ស្ងាត់ (Anti – inflammatory State) នេះ ត្រូវបានរក្សាការពាររហូតដល់ទារកគ្រប់ខែ ទើបរាងកាយម្តាយផ្លាស់ប្តូរមកជាស្ថានភាពរលាកជាថ្មីវិញ ដើម្បីជំរុញការឈឺពោះសម្រាលកូន។

Photo by Copilot

គុណតម្លៃនៃអតិសុខុមប្រាណនៅពេលបានទទួលអាហារសរីរាង្គ រួមមាន ត្រី សាច់ បន្លែ និងគ្រាប់ធុញ្ញជាតិដែលមានតុល្យភាពគ្នា : អតិសុខុមប្រាណក្នុងដីបំប្លែងជីកំប៉ុស្តទៅជាជាតិរ៉ែ (NPK) ឱ្យរុក្ខជាតិស្រូបយកតាមឫស អតិសុខុមប្រាណក្នុងពោះវៀន (Gut Microbiome) បំបែកសរសៃអាហារ (Fiber) ដែលក្រពះមនុស្សរំលាយមិនបាន រួចបំប្លែងទៅជា «សារធាតុសំខាន់ៗចំនួន ៤ ក្រុមធំៗ» បញ្ជូនតាមសរសៃឈាមទៅចិញ្ចឹមរាងកាយមនុស្ស៖

១. អាស៊ីតខ្លាញ់ខ្សែខ្លី (Short-Chain Fatty Acids – SCFAs)៖

នេះគឺជា “ជីជាតិចម្បង” ដែលបាក់តេរីផលិតបានច្រើនជាងគេ បន្ទាប់ពីវាស៊ីសរសៃអាហាររួច។

  • សារធាតុប៊ុយទីរ៉ាត (Butyrate)៖ ជាប្រភពថាមពលចម្បង ៧០% របស់កោសិកាជញ្ជាំងពោះវៀនធំ។ វាជួយជួសជុលជញ្ជាំងពោះវៀនកុំឱ្យចំហប្រហោង (Leaky Gut) បញ្ឈប់ការរលាក និងទប់ស្កាត់ការកកើតកោសិកាមហារីកពោះវៀន។
  • សារធាតុអាសេតាត (Acetate)៖ ជ្រៀបចូលសរសៃឈាមទៅចិញ្ចឹមបេះដូង សាច់ដុំ និងខួរក្បាល ព្រមទាំងជួយគ្រប់គ្រងអ័រម៉ូនឆ្អែត និងអារម្មណ៍ឃ្លានអាហារ។
  • សារធាតុប្រូព្យូណាត (Propionate)៖ ផ្តល់ឱ្យថ្លើមដើម្បីជួយគ្រប់គ្រងការផលិតជាតិស្ករ និងកាត់បន្ថយការបង្កើតកូលេស្តេរ៉ូល (Cholesterol) ខ្លាញ់អាក្រក់។

២. ក្រុមវីតាមីនចាំបាច់សម្រាប់ជីវិត (Essential Vitamins)៖

អតិសុខុមប្រាណនៅក្នុងខ្លួនមនុស្សបានបង្កើតវីតាមីនពិសេស ដែលខ្លួនប្រាណយើងមិនមានសមត្ថភាពអាចផលិតបានដូចជា៖

  • វីតាមីន ខេ ២ មេណាគីណូន (K₂-Menaquinone)៖ មានសារសំខាន់ខ្លាំងក្នុងការជួយឱ្យឈាមកកបានល្អពេលមានរបួស ជាអ្នកដឹកនាំជាតិកាល់ស្យូមពីក្នុងឈាមទៅបញ្ចុះក្នុងឆ្អឹង និងធ្មេញ ហើយក៏ជាអ្នកការពារមិនឱ្យកាល់ស្យូមទៅកកស្ទះតាមសរសៃឈាមបេះដូង។
  • ក្រុមវីតាមីនបេ (B-Complex)៖ ផលិតវីតាមីន B₁₂ (កសាងគ្រាប់ឈាមក្រហម និងសរសៃប្រសាទ), វីតាមីន B₉ (Folate) (ជួសជុល DNA), Biotin (B₇), និង B₁, B₂, B₅, B₆ ដែលជាកាតាលីករជួយបំប្លែងអាហារឱ្យទៅជាថាមពលរស់នៅ។

៣. សារធាតុបញ្ជូនសរសៃប្រសាទ និងគីមីខួរក្បាល (Neurotransmitters)៖

  • សារធាតុសេរ៉ូថូនីន (Serotonin)៖ ជិត ៩០% ត្រូវបានផលិតឡើងនៅក្នុងពោះវៀន ដោយសារសកម្មភាពរបស់អតិសុខុមប្រាណ។ សេរ៉ូថូនីន គឺជាសារធាតុបង្កើតក្តីសុខ ការគ្រប់គ្រង និងផ្ចង់អារម្មណ៍បានល្អ ការគេងលក់ស្កប់ស្កល់ ការគិតពិចារណា ការចងចាំ និងការគ្រប់គ្រងការឃ្លាន។
  • សារធាតុហ្គាបា (GABA)៖ ជាសារធាតុគីមីជួយឱ្យខួរក្បាល និងសរសៃប្រសាទស្ងប់ស្ងាត់ កាត់បន្ថយភាពតានតឹង (Stress) និងការព្រួយបារម្ភ។

៤. អាស៊ីតអាមីណេ និងអាស៊ីតប្រម៉ាត់ថ្នាក់ទី ២ (Amino Acids & Secondary Bile Acids)៖

  • អាស៊ីតអាមីណេ៖ អតិសុខុមប្រាណជួយសំយោគអាស៊ីតអាមីណេចាំបាច់ ដូចជា អាស៊ីតអាមីណេទ្រីបតូហ្វែន (Tryptophan) និងលីស៊ីន (Lysine) ដែលរាងកាយយកទៅប្រើប្រាស់ដើម្បីកសាងសាច់ដុំ និងប្រូតេអ៊ីន។
  • អាស៊ីតប្រម៉ាត់ថ្នាក់ទី ២៖ បាក់តេរីបំប្លែងទឹកប្រម៉ាត់ដើម ឱ្យទៅជាទម្រង់សកម្ម ដើម្បីជួយរំលាយ និងស្រូបយកជាតិខ្លាញ់ល្អ ព្រមទាំងវីតាមីនរលាយក្នុងខ្លាញ់ (A, D, E, K) ចូលទៅក្នុងគ្រប់ផ្នែកនៃរាងកាយរបស់យើង។

បម្រែបម្រួល និងការបាត់បង់អតិសុខុមប្រាណ

អតិសុខុមប្រាណដែលរស់នៅក្នុងខ្លួនយើង ក៏ទទួលរងផលរំខានពីការប្រើប្រាស់សារធាតុគីមីហួសកំណត់ មិនខុសពីអតិសុខុមប្រាណនៅក្នុងដីឡើយ។ ការផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្ស និងការប្តូររបបទទួលទានអាហារ បានធ្វើឱ្យអតិសុខុមប្រាណរស់នៅក្នុងខ្លួនយើងមានការផ្លាស់ប្តូរ និងបាត់បង់តុល្យភាពយ៉ាងខ្លាំង។ នៅពេលបាក់តេរីល្អៗត្រូវបានសម្លាប់ ដាច់ពោះស្លាប់ព្រោះលែងមានអាហារចម្រុះសម្រាប់បំបែក ជាពិសេសអាហារសរសៃ (Fiber) ហើយបាក់តេរីកាចៗកើនឡើងលើសលប់ វាអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងបង្កជាជំងឺរ៉ាំរ៉ៃភ្លាមៗ។

ការប្រើប្រាស់ថ្នាំផ្សះ (Antibiotics) ហួសកម្រិត៖ ថ្នាំផ្សះប្រៀបដូចជាថ្នាំបាញ់សម្លាប់សត្វល្អិត វាសម្លាប់ទាំងបាក់តេរីបង្កជំងឺ និងបាក់តេរីល្អៗក្នុងពោះវៀនដោយមិនរើសមុខឡើយ។

ដូចគ្នានឹងដីដែលត្រូវការ “ជីកំប៉ុស្តធម្មជាតិ” ដើម្បីស្តារមីក្រូសរីរាង្គឡើងវិញ រាងកាយមនុស្សក៏ត្រូវការអាហារដែលមាន Fiber ខ្ពស់ ដូចជាពពួកបន្លែបៃតង ផ្លែឈើ ត្រី សាច់ ជាដើម។ និយាយឱ្យស្រួលស្តាប់ គឺអាហារដែលពួកយើងធុញទ្រាន់ និងចំណាយពេលចំអិនដោយខ្លួនឯង ដែលត្រូវមានសាច់ មានបន្លែ មានគ្រឿងទេសសមមុខ ហើយបើថ្ងៃណាច្រឡំស្ករ និងអំបិលទៀតនោះ គឺជាថ្ងៃអាក្រក់តែម្តង។ តែអាហារឆ្ងាញ់មិនប្រាកដថាជាអាហារល្អ ហើយអាហារដែលល្អក៏មិនប្រាកដថាជាអាហារឆ្ងាញ់ដែរ។

លោក ស្ទីវ ចប (Steve Jobs) ស្ថាបនិកក្រុមហ៊ុន អ៊ែបផល (Apple) ធ្លាប់បាននិយាយថា៖ “សូមបរិភោគអាហារជាថ្នាំ និងកុំបរិភោគថ្នាំជាអាហារ “។

អ្នកវិទ្យាសាស្ត្រផ្នែកសុខភាពទូទៅ បានព្រមានពីគ្រោះថ្នាក់ជំងឺស្រួចស្រាវ និងជំងឺរ៉ាំរ៉ៃដែលកើតចេញពីរបបអាហារ។ របបអាហារដែលមានហានិភ័យ ភាគច្រើនផ្តល់ផលប៉ះពាល់ដល់អតិសុខុមប្រាណតែម្តង។ អាហារប្រៃខ្លាំង ផ្អែមខ្លាំង ខ្លាញ់ខ្លាំង និងអាល់កុល គឺកំពុងបំផ្លាញសុខភាពយើងដោយស្ងប់ស្ងាត់បំផុត។

ឧទាហរណ៍ នៃការទទួលទានភេសជ្ជៈផ្អែមលើសកម្រិត ដើម្បីដឹងថាវាប៉ះពាល់អ្វីខ្លះដល់អតិសុខុមប្រាណក្នុងខ្លួន និងសុខភាពរបស់យើងផ្ទាល់៖ របាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញថា មានកំណើនអ្នកកើតជំងឺទឹកនោមផ្អែមថ្មីជាច្រើននៅប្រទេសកម្ពុជា ដែលបានកើនឡើងគួរឱ្យព្រួយបារម្ភ។ ភាគច្រើននៃអ្នកកើតជំងឺទឹកនោមផ្អែមថ្មី គឺជាមនុស្សវ័យក្មេង ដែលមិនទាន់ដល់វ័យត្រូវកើតជំងឺនេះទេ។

ការទទួលទានភេសជ្ជៈផ្អែមច្រើន ក៏អាចធ្វើឱ្យបាត់បង់ចំណង់អាហារ គឺត្រូវការតែគ្រឿងផ្អែមនេះបន្តទៀត ហើយគ្រឿងផ្អែមនេះមានត្រឹមតែជាស្ករ និងសារធាតុបន្ថែមលើករសជាតិតែប៉ុណ្ណោះ ពួកវាគ្មានសារធាតុសរសៃឱ្យពួកអតិសុខុមប្រាណក្នុងខ្លួនយើងបំបែកនោះទេ។ ចុះបើពួកអតិសុខុមប្រាណគ្មានសារធាតុបំបែក តើវាមានសមត្ថភាពអ្វីដែលអាចបង្កើតសារធាតុដែលខ្លួនប្រាណរបស់យើងត្រូវការជាចាំបាច់ ដូចបានរៀបរាប់ខាងលើនោះ? គ្មានភាវៈមានជីវិតណាដែលអាចរស់ដោយគ្មានអាហារបាននោះទេ។ ដូចគ្នាដែរ ពួកអតិសុខុមប្រាណក្នុងខ្លួនយើងនឹងចាប់ផ្តើមស្លាប់ ចំនួនបាក់តេរីល្អៗនឹងចាប់ផ្តើមថយចុះ។ អាហារកែច្នៃ និងភេសជ្ជៈផ្អែមៗ គ្មានសរសៃអាហារ (Fiber) ដែលជាអាហារចម្បងរបស់បាក់តេរីល្អឡើយ។ ផ្ទុយទៅវិញ អាហារខ្លាញ់ច្រើន និងអាហារកែច្នៃ បានផ្តល់ឱកាសដល់បាក់តេរី និងផ្សិតអាក្រក់កកើត និងរីកចម្រើនទៅវិញ។ អាហារជាតិស្ករខ្ពស់ និងសារធាតុគីមីរក្សាទុកបានយូរ គឺជាអាហាររបស់បាក់តេរីបង្កជំងឺ និងផ្សិតកង់ឌីដា (Candida)។ ពួកវានឹងបន្តពូជយ៉ាងលឿន និងដណ្តើមទីជម្រករស់នៅរបស់បាក់តេរីល្អ។

១. ជំងឺទឹកនោមផ្អែមប្រភេទ ២ លើអ្នកវ័យក្មេង (Type 2 Diabetes)៖ កើតឡើងលើអ្នកដែលមានទម្លាប់ពិសាគ្រឿងផ្អែមច្រើនហួសហេតុ។ ពេលដែលបាក់តេរីល្អគ្មានអាហារសរសៃស៊ី វាបានថយចំនួន ហើយពេលនោះបាក់តេរីអាក្រក់កើនឡើង ពួកវាបញ្ចេញជាតិពុលម្យ៉ាងឈ្មោះថា លីប៉ូប៉ូលីសាក់ការីត LPS (Lipopolysaccharides)។ ជាតិពុលនេះជ្រៀបចូលសរសៃឈាម រួចទៅរារាំងអ្នកទទួលសញ្ញាអាំងស៊ុយលីន (Insulin Receptors) លើកោសិកាសាច់ដុំ និងថ្លើម។ ជាលទ្ធផល អាំងស៊ុយលីនមិនអាចនាំជាតិស្ករចូលក្នុងកោសិកាបានឡើយ ធ្វើឱ្យជាតិស្ករកើនឡើងខ្ពស់ក្នុងឈាម រហូតកើតជាជំងឺទឹកនោមផ្អែមទាំងនៅវ័យក្មេង។

២. ជំងឺខ្លាញ់រុំថ្លើម (Non-Alcoholic Fatty Liver Disease)៖ ជាតិស្ករ ហ្រូតូស Fructose ក្នុងភេសជ្ជៈកំប៉ុង និងជាតិពុល LPS ពីពោះវៀនធ្លុះ នឹងរត់ត្រង់តាមសរសៃឈាមទៅកាន់ថ្លើមដំបូងគេ។ ថ្លើមត្រូវធ្វើការធ្ងន់ធ្ងរក្នុងការបន្សាបជាតិពុល និងបំប្លែងស្ករលើសលប់ទាំងនោះឱ្យទៅជាខ្លាញ់ បង្កជាការរលាកថ្លើម និងខ្លាញ់រុំថ្លើម។

៣. ជំងឺធាត់ និងវិបត្តិមេតាប៉ូលីស (Obesity & Metabolic Syndrome)៖ ការបាត់បង់បាក់តេរីឈ្មោះ Akkermansia muciniphila ធ្វើឱ្យរាងកាយបាត់បង់សមត្ថភាពផលិតអ័រម៉ូនឆ្អែត GLP–1 (Glucagon-Like Peptide-1)។ មនុស្សនឹងមានអារម្មណ៍ឃ្លានស្ករជានិច្ច និងស្រូបយកកាឡូរីអាក្រក់ចូលក្នុងខ្លួនច្រើនជាងធម្មតា។

៤. ជំងឺរលាកពោះវៀនធ្ងន់ធ្ងរ និងមហារីកពោះវៀនធំ (Colorectal Cancer)៖ ការខ្វះអាហារសរសៃ (Fiber) ធ្វើឱ្យបាក់តេរីល្អមិនអាចផលិតអាស៊ីតខ្លាញ់ខ្សែខ្លី (SCFA/ Butyrate) ដែលជាអាហារការពារ និងជួសជុលកោសិកាពោះវៀនធំឡើយ។ កោសិកាពោះវៀនដែលខ្វះអាហារការពារ និងរងការរលាកយូរអង្វែង នឹងងាយផ្លាស់ប្តូរទម្រង់ទៅជាកោសិកាមហារីក។

ជាចុងក្រោយ ខ្ញុំមិនបញ្ចប់ដោយអនុសាសន៍ឱ្យលោកអ្នកបញ្ឈប់ការទទួលទានបាយ ខ្លាញ់ ផ្អែមជ្រុល ឬអាហារគីមីអ្វីឡើយ ព្រោះខ្ញុំមិនមែនជាវេជ្ជបណ្ឌិតដែលអាចពន្យល់ស៊ីជម្រៅបានឡើយ ហើយខ្ញុំក៏មិនដឹងពីស្ថានភាពសុខភាពរបស់បុគ្គលម្នាក់ៗយ៉ាងដូចម្តេចដែរ។ ប៉ុន្តែ សូមអស់លោកអានរឿងរ៉ាវរបស់ខ្ញុំ ដែលខ្ញុំសូមអនុញ្ញាតបញ្ចប់សាច់រឿងនៃអត្ថបទមួយនេះ។

អស់លោកបានដឹងមកហើយថា ការងារចម្បងរបស់ខ្ញុំជាកសិករ ធ្វើការដោយប្រើកម្លាំងច្រើន។ ខ្ញុំក៏ជាមនុស្សចូលចិត្តហូបបាយ ផ្អែម និងអាហារខ្លាញ់ដូចគ្នា។ ចំពោះគ្រឿងកំប៉ុង ខ្ញុំចេះផឹកពេលខ្ញុំកំពុងរៀនកសិកម្មនៅខេត្តតាកែវ កាលពីឆ្នាំ ២០១៦។ យើងអនុវត្តទ្រឹស្តី និងដាំដុះយកលទ្ធផល ធ្វើការដូចកសិករទូទៅដែរ។ ថ្ងៃម៉ោងពីរ ក្តៅហួតហែង ញើសខ្ញុំហូរដូចទឹកធ្លាក់ មិត្តខ្ញុំម្នាក់បានទិញភេសជ្ជៈប៉ូវកម្លាំងពណ៌ក្រហមចង់ឱ្យខ្ញុំទទួលទាន។ លោកអ្នកដឹងទេ រសជាតិនេះហើយដែលខ្ញុំមានអារម្មណ៍ថាមិនអាចភ្លេចបាន។ ខ្ញុំចាប់ផ្តើមទៅទិញផឹកដោយខ្លួនឯង ផឹកទាំងព្រឹក ទាំងថ្ងៃ និងទាំងយប់។ តែពេលដែលខ្ញុំមកធ្វើចម្ការដោយខ្លួនឯងក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ខ្ញុំមិនអាចរកទិញពពួកភេសជ្ជៈប៉ូវកម្លាំងទាំងអស់នោះបានទេ។ ខ្ញុំព្យាយាមមិនផឹក ព្រោះយើងមិនអាចចំណាយពេល ៣០ នាទីទៅទិញ និង ៣០ នាទីត្រឡប់មកចម្ការវិញនោះឡើយ។ អារម្មណ៍មួលម៉ៅ មិនសប្បាយចិត្ត បានកើតឡើងនៅពេលដែលធ្វើការហត់ ហើយគ្មានភេសជ្ជៈផ្អែមពៅកម្លាំងនៅក្បែរខ្លួន។

ខ្ញុំសួរខ្លួនឯងថា តើក្នុងខ្លួនខ្ញុំកំពុងកើតអ្វី? ហេតុអ្វីរាល់ពេលដែលធ្វើការហត់ ខួរក្បាលខ្ញុំបង្ហាញតែរូបភេសជ្ជៈពៅកម្លាំង? តើខ្ញុំបានញៀនវាហើយមែនទេ? ខ្ញុំយកភាពលំបាកនៃ

ការទៅទិញគ្រឿងផ្អែមនេះមកប្រាប់ខ្លួនឯងថា វាពិបាកណាស់ ហើយបន្តិចម្តងៗ ខ្ញុំអាចធ្វើបាន។ រាល់ពេលដែលខ្ញុំចង់ញ៉ាំភេសជ្ជៈផ្អែម ជំនួសមកវិញ ខ្ញុំបានបេះក្រូចឆ្មារដែលខ្ញុំបានដាំ ហើយចំណាយពេលបន្តិចធ្វើទឹកក្រូចឆ្មារជាមួយទឹកឃ្មុំក្នុងកម្រិតស្ករតិចតួច។ វាមិនឆ្ងាញ់ដូចរបស់ដែលមានលក់នោះទេ តែវាអាចបន្លប់ខ្លួនប្រាណយើងឱ្យទទួលរបស់ពៅកម្លាំងថ្មីដែលយើងបានផលិតក្នុងចម្ការយើងផ្ទាល់។

៣ ឆ្នាំដែលខ្ញុំមិនធ្លាប់បានហូបគ្រឿងភេសជ្ជៈផ្អែមទាល់តែសោះ ថ្ងៃមួយ មានភ្ញៀវមកលេងចម្ការពួកយើង ពួកគាត់បានទុកភេសជ្ជៈផ្អែមដែលខ្ញុំធ្លាប់ផឹកមួយកេះ (២៤ កំប៉ុង) ជូនបុគ្គលិកខ្ញុំជាការអរគុណ។ បុគ្គលិកខ្ញុំយកឱ្យខ្ញុំ ២ កំប៉ុង ព្រោះគាត់គិតថាខ្ញុំដូចជាមិនត្រូវការវាទេ។ ខ្ញុំមិនដឹងអ្នកណាប្រាប់គាត់នោះទេ។ ខ្ញុំបានប្រាប់ខ្លួនឯងថា យើងនឹងត្រឡប់ទៅរកអនុស្សាវរីយ៍កាលពីជាង ៥ ឆ្នាំមុន។ ដាក់ទឹកកកក្នុងកែវថ្លា ចាក់ភេសជ្ជៈចូលទៅ ហើយកូរ ឬច្បល់បន្តិចឱ្យទឹកកកបានរលាយបន្តិច។ អូ! វាជារសជាតិដែលខ្ញុំទន្ទឹងរង់ចាំយូរមកហើយ។

រឿងមិនចប់ត្រឹមប៉ុណ្ណោះទេ យប់ឡើង ខ្ញុំមិនអាចគេងលក់ស្រួលបានទេ។ ជាទម្លាប់ យ៉ាងយូរបំផុតត្រឹមម៉ោង ១០ យប់ ខ្ញុំគេងលក់ហើយ តែពេលនេះ គឺម៉ោងជិត ១ រំលងអធ្រាត្រហើយ ខ្ញុំមិនទាន់គេងលក់ទៀត។ ព្រឹកបន្ទាប់គឺជាថ្ងៃអាក្រក់របស់ខ្ញុំ ខ្ញុំគ្មានអារម្មណ៍ល្អនោះទេ តើមកពីអ្វី? ជាសំណាងល្អ ខ្ញុំមានអ្នកស្ម័គ្រចិត្តម្នាក់ជាវេជ្ជបណ្ឌិតជំងឺទូទៅមកពីប្រទេសបារាំង។ ដូចអ្នកបានដឹងហើយ គម្រោងចម្ការរបស់ពួកយើងបានទទួលអ្នកស្ម័គ្រចិត្តជួយកិច្ចការចម្ការពីប្រទេសជាច្រើន។ គាត់ឃើញទឹកមុខខ្ញុំដូចមិនស្រស់បស់សោះពេលមកឆុងកាហ្វេ។

«ខ្ញុំមិនដឹងជាយ៉ាងម៉េចទេ យប់មិញខ្ញុំគេងមិនលក់សោះ»។ គាត់ចាប់ផ្តើមសួរសំណួរជាច្រើន៖ រយៈពេលមួយថ្ងៃនេះ ម្សិលមិញ ពីរ-បីខែមុន ពីរ-បីឆ្នាំមុន និងប្រវត្តិត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ។ គាត់ដូចមិនជឿថាត្រឹមភេសជ្ជៈផ្អែមមួយកំប៉ុង ធ្វើឱ្យខ្ញុំពិបាកគេងសោះ? ព្រោះពេលខ្លះ គាត់ធ្លាប់ហូបគ្រឿងផ្អែមច្រើនជាងខ្ញុំផង ជាពិសេសពេលគាត់ត្រូវធ្វើការវេនយប់ដើម្បីទប់ទល់នឹងការងងុយគេង។

«យើងអត់មានឧបករណ៍ដើម្បីពិនិត្យឱ្យច្បាស់ថា ក្នុងខ្លួនហ៊ីរ៉ូឯងកើតអ្វីនោះទេ។ ខ្ញុំគិតថាហ៊ីរ៉ូឯងក៏សុខភាពល្អដែរ។ តើហ៊ីរ៉ូហូបគ្រឿងផ្អែមម្សិលមិញម៉ោងប៉ុន្មាន? ថ្ងៃនេះ សាកហូបគ្រឿងផ្អែមនោះម្តងទៀត ម៉ោងដដែល ហើយចាំមើលថាយប់នេះយ៉ាងម៉េចដែរ? តែថ្ងៃនេះ ហ៊ីរ៉ូឯងគេងថ្ងៃឱ្យបាន ៣០ នាទី ទៅ ១ ម៉ោងទៅ ដើម្បីសងការគេងមិនលក់យប់មិញ ហើយកិច្ចការសម្អាតជុំវិញដើមកាហ្វេ ចាំខ្ញុំធ្វើជំនួស» លោកដុកទ័រ ហ្គាប៊្រីយែល និយាយ។

ខ្ញុំក៏ចង់ដឹងដែរថា តើវាមកពីអ្វីឱ្យប្រាកដ។ ម៉ោង ៣ រសៀល ខ្ញុំបានញ៉ាំភេសជ្ជៈផ្អែមដែលនៅសល់ចុងក្រោយ។ ដូចយប់មុនដែរ ខ្ញុំមិនអាចគេងលក់នោះទេ តែពេលនេះ ខ្ញុំបានដឹងហើយថាដោយសារមូលហេតុអ្វី។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់គេងមិនលក់ ហើយខួរក្បាលយើងគឺគិតពីនេះពីនោះមិនឈប់ឈរ។ ខ្ញុំព្យាយាមប្រមូលអារម្មណ៍តាមបច្ចេកទេសវិបស្សនា ដោយបានដឹងពីហេតុផល ហើយទទួលយកស្ថានភាពរបស់ខ្ញុំ ខ្ញុំលែងប្រឆាំងវា ហើយព្យាយាមផ្ដោតអារម្មណ៍តែលើខ្យល់ដកដង្ហើមចេញចូលក្នុងខ្លួនខ្ញុំប៉ុណ្ណោះ។ ជិតភ្លឺ ខ្ញុំបានទទួលទានដំណេក ហើយខ្ញុំក៏មិនសូវមានអារម្មណ៍មិនល្អប៉ុន្មានដែរ។

លោកគ្រូពេទ្យ ហ្គាប៊្រីយែល ពេលដែលបានស្តាប់រឿងរ៉ាវរបស់ខ្ញុំ គាត់បានទាញសេចក្តីសន្និដ្ឋានថា ខ្លួនប្រាណរបស់ខ្ញុំបានបញ្ជូនសញ្ញាព្រមានមកខ្ញុំថា ខ្លួនប្រាណរបស់ខ្ញុំគឺលែងអាចទទួលទានគ្រឿងផ្អែមទាំងនេះបន្តទៀតបានហើយ ។ គាត់បន្ថែមថា ខ្លួនប្រាណរបស់យើងគឺជាឧបករណ៍វាស់ជាតិពុលល្អបំផុត ព្រោះខ្ញុំបានឈប់ផឹកវាជាង ៣ ឆ្នាំមកហើយ ដូច្នេះ ខ្លួនប្រាណខ្ញុំបានយល់ និងសម្របខ្លួនសម្រាប់បរិស្ថានថ្មីដែលគ្មានភេសជ្ជៈផ្អែមជ្រុលទាំងនោះ។

គាត់បានចែករំលែកបទពិសោធន៍ និងការពិតរបស់គាត់មួយ គាត់ថា គាត់ជាអ្នកញៀនបារីម្នាក់ដែរ។ វេជ្ជបណ្ឌិតញៀនបារី? ខ្ញុំសឹងមិនជឿគាត់ ខ្ញុំសើច ហើយគាត់សួរខ្ញុំវិញថា៖ “តើហ៊ីរ៉ូឯងគិតថា គ្រូពេទ្យជាទេវតាឬ? មិនចេះឈឺ មិនចេះស្ត្រេស មិនខកចិត្ត មិនចេះកើតទុក្ខ?” គាត់និយាយតទៀតថា គាត់ឈប់ជក់បារី ព្រោះគាត់បានលង់ស្រឡាញ់នារីម្នាក់ ហើយនាងមានសេចក្តីប្រាថ្នាឱ្យគាត់ឈប់ជក់បារី។ នាងបាននិយាយពាក្យដ៏ចាក់ដោតមួយថា “គ្មានអ្នកណាដឹងពីផលវិបាកនៃការជក់បារីក្រៅពីខ្ញុំនោះទេ” (គាត់និយាយតាមសម្តីរបស់នាង)។ វាពិតជាពិបាក និង មហាពិបាកសម្រាប់គាត់ដើម្បីបញ្ឈប់វា ពេលខ្លះនៅតែលួចជក់ម្តងម្កាល។ គាត់លែងញៀនបារី បែរជាមកញៀនស្ករវិញ ព្រោះពេលដែលយើងឈប់ ខួរក្បាលរបស់យើងត្រូវការអ្វីថ្មីដើម្បីជំនួស ហើយព្រោះការងារគាត់ត្រូវផ្លាស់ប្តូរវេន ម្តងព្រឹក ម្តងថ្ងៃ ម្តងយប់ គាត់ត្រូវការអារម្មណ៍ផ្ដោតលើកិច្ចការងារយ៉ាងខ្លាំង។ តែគាត់ត្រូវប្រើពេល ១ ឆ្នាំ ដើម្បីបញ្ឈប់ការជក់បារីទាំងស្រុង។

៤ ឆ្នាំក្រោយមក គាត់បានធ្លាក់ចូលក្នុងការជក់បារីម្តងទៀត ពេលដែលចំណងស្នេហារបស់គាត់ត្រូវបានកាត់ផ្តាច់ ដោយមិនអាចរស់នៅជាមួយគ្នាបន្តទៀតបាន។ លើកនេះ គាត់ជក់ខ្លាំងជាងមុន និងផឹកខ្លាំងជាងមុន។ លើកនេះ ខ្លួនប្រាណរបស់គាត់បានឆ្លើយតបដោយសញ្ញាព្រមាន គាត់ហត់ពិបាកដកដង្ហើម ហើយក្អកដូចអ្នកកើតរបេង ខួរក្បាលលែងស្រឡះដូចកាលជក់បារីគ្រាដំបូង។

«នោះគឺជាសញ្ញាព្រមាននៃរាងកាយរបស់ខ្ញុំ ហ៊ីរ៉ូ។ សម្លាញ់របស់ខ្ញុំម្នាក់ដែលដឹងសាច់រឿងរបស់ខ្ញុំ គាត់ឱ្យយោបល់ខ្ញុំឱ្យឈប់សម្រាករយៈពេលវែង (៦ ខែ) ដើម្បីធ្វើដំណើរផ្សងព្រេង ក្រែងបានជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់ខ្ញុំបានខ្លះ។ គាត់មិនចង់ឃើញខ្ញុំយកស្រា និងបារីមកដោះស្រាយបញ្ហាផ្លូវចិត្តនោះទេ។ “នេះជាមូលហេតុដែលខ្ញុំបានមកដល់ទីនេះ” លោកដុកទ័រ ហ្គាប៊្រីយែល និយាយ។

គាត់មិនត្រឹមតែជួយធ្វើកិច្ចការចម្ការជាមួយខ្ញុំប៉ុណ្ណោះទេ គាត់ក៏បានទៅជួយបង្រៀនភាសាអង់គ្លេសជាមួយខ្ញុំដែរ។ គាត់មានសេចក្តីព្រួយបារម្ភមួយ គឺក្មេងៗយើងចេះទទួលទានភេសជ្ជៈផ្អែមខ្លាំង។ នៅក្នុងគម្រោងសាលាបង្រៀនរបស់ពួកយើង មិនអនុញ្ញាតឱ្យក្មេងៗទទួលទានអាហារកែច្នៃ និងភេសជ្ជៈផ្អែមនោះទេ។ ហើយគោលការណ៍នេះក៏បានដាក់ជាវិធានទូទៅសម្រាប់សាលារដ្ឋផងដែរ។ ប៉ុន្តែ ពួកគាត់នៅតែហូបនៅក្រៅបរិវេណសាលា និងនៅផ្ទះ។

លោកគ្រូ ហ្គាប៊្រីយែល បានចែករំលែកបទពិសោធន៍មួយ ពេលគាត់ធ្លាប់ឆ្លងកាត់អាគារព្យាបាលកុមារ គាត់បានយល់យ៉ាងជ្រាលជ្រៅពីក្តីស្រឡាញ់របស់អាណាព្យាបាលចំពោះកូន។ ឪពុកម្តាយខ្លះយំ បន្ទោសខ្លួនឯងពេលឃើញកូនរបស់ខ្លួនពិបាកក្នុងខ្លួនម្តងៗតាមស្ថានភាពនៃជំងឺផ្សេងៗ បើប្តូរជាសាច់ ជាឈាម ជាបេះដូង ក៏ពួកគាត់សុខចិត្តផ្លាស់ប្តូរដែរ។ គាត់ថា៖ «ជំងឺរបស់យើងគឺកើតឡើងក្នុងបរិបទសង្គមដែលយើងរស់នៅ តែសុភមង្គល និងសុខភាពល្អរបស់យើង គឺវាអាស្រ័យលើរបៀបរស់នៅរបស់យើង» លោកគ្រូ ហ្គាប៊្រីយែល បាននិយាយ។

អត្ថបទនេះ ត្រូវបានផ្ទៀងផ្ទាត់ដោយប្រើកម្មវិធីបញ្ញាសិប្បនិម្មិត។ អត្ថបទនេះផ្អែកលើ ឯកសារយ៉ោងខាងក្រោម

១. ជំងឺទឹកនោមផ្អែមប្រភេទ ២ និងជាតិពុល $LPS$ (Type 2 Diabetes & LPS Toxins)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ របបអាហារដែលមានជាតិសរសៃទាប ធ្វើឱ្យបាក់តេរីល្អក្នុងពោះវៀនថយចុះ ដែលបើកឱកាសឱ្យបាក់តេរីអាក្រក់ផលិតជាតិពុល Lipopolysaccharide (LPS) លើសលប់។ ជាតិពុល LPS នេះជ្រៀបចូលទៅក្នុងសរសៃឈាម ហើយទៅរារាំងអ្នកទទួលសញ្ញាអាំងស៊ុយលីន (Insulin\ Receptors) លើកោសិកាថ្លើម និងសាច់ដុំដោយផ្ទាល់ ដែលបង្កឱ្យកើតមានភាពស៊ាំនឹងអាំងស៊ុយលីន (Insulin\ Resistance)។
  • ប្រភពចម្បង៖ Cani et al., Diabetes (2007)

២. ជំងឺខ្លាញ់រុំថ្លើម និងស្ករ Fructose (Fatty Liver Disease – NAFLD & Fructose)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ ជាតិស្ករ Fructose ក្នុងកម្រិតខាប់ខ្ពស់ពីភេសជ្ជៈកំប៉ុង បានរំលងដំណើរការរំលាយអាហារធម្មតា ហើយរត់ត្រង់ទៅកាន់ថ្លើមតាមសរសៃឈាម Portal Vein។ នៅពេលបូករួមជាមួយជាតិពុល LPS ពីពោះវៀន វាបានបង្ខំឱ្យថ្លើមធ្វើការបំប្លែងស្ករលើសលប់ទៅជាខ្លាញ់ដោយផ្ទាល់ (De Novo Lipogenesis) ដែលនាំឱ្យកើតការរលាកថ្លើមរ៉ាំរ៉ៃ។
  • ប្រភពចម្បង៖ Jensen et al., Nutrients (2018)

៣. ជំងឺធាត់ និងសញ្ញាប្រាប់ការឆ្អែត (Obesity & Satiety Signaling)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ បាក់តេរីពោះវៀន Akkermansia muciniphila បញ្ចេញប្រូតេអ៊ីនដែលជំរុញឱ្យផលិតអ័រម៉ូន GLP-1 (អ័រម៉ូនទទួលខុសត្រូវក្នុងការបញ្ជូនសញ្ញាឆ្អែតទៅកាន់ខួរក្បាល)។ នៅពេលជាតិសរសៃអាហារថយចុះ បាក់តេរី Akkermansia នឹងស្លាប់បាត់បង់ ដែលបង្កឱ្យមានការឃ្លានស្ករប្រចាំ និងការទទួលទានអាហារលើសប្រមាណ។
  • ប្រភពចម្បង៖ Yoon et al., Nature Microbiology (2021)

៤. មហារីកពោះវៀនធំ និងការខ្វះជាតិសរសៃ (Colorectal Cancer & Fiber Deficiency)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ ការបំបែកជាតិសរសៃដោយបាក់តេរីល្អក្នុងពោះវៀន បង្កើតបានជាអាស៊ីតខ្លាញ់ខ្សែខ្លី (SCFA) ជាពិសេសគឺ ប៊ុយទីរ៉ាត (Butyrate) ដែលជាប្រភពថាមពលការពារ និងជួសជុលកោសិកាពោះវៀនធំ។ ប្រសិនបើខ្វះជាតិសរសៃ កោសិកាពោះវៀនធំនឹងបាត់បង់របាំងការពារប្រឆាំងការរលាក ដែលបង្កើនហានិភ័យកើតជំងឺមហារីកក្នុងរយៈពេលវែង។
  • ប្រភពចម្បង៖ O’Keefe, Nature Reviews Gastroenterology & Hepatology (2016)

៥. ការឃ្លានស្ករ និងប្រព័ន្ធសារធាតុដូប៉ាមីន (Sugar Craving & Dopamine Pathways)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់ ជំរុញឱ្យមានការកើនឡើងសារធាតុដូប៉ាមីន (Dopamine) យ៉ាងលឿននៅក្នុងមជ្ឈមណ្ឌលរីករាយរបស់ខួរក្បាល។ ការទទួលទានច្រើនខុសធម្មតាម្តងម្កាល បង្កើតឱ្យមានការប្រែប្រួលប្រព័ន្ធប្រសាទដូចទៅនឹងការញៀនសារធាតុគីមីដែរ ដែលនាំឱ្យកើតជារបត់នៃការឃ្លានអាហារផ្អែមយ៉ាងខ្លាំងក្នុងអំឡុងពេលធ្វើការងារធ្ងន់ៗ។
  • ប្រភពចម្បង៖ Avena et al., Neuroscience & Biobehavioral Reviews (2008)

៦. ការរំខានដល់ដំណេក និងរចនាសម្ព័ន្ធការគេង (Sleep Architecture Disruption)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ ភេសជ្ជៈប៉ូវកម្លាំងមានការរួមផ្សំរវាងកាហ្វេអ៊ីន និងជាតិស្ករក្នុងកម្រិតខ្ពស់ ដែលទៅរារាំងអ្នកទទួលសញ្ញាអាដេណូស៊ីន (Adenosine Receptors) នៅក្នុងប្រព័ន្ធប្រសាទកណ្តាល។ ការទទួលទានភេសជ្ជៈទាំងនេះសូម្បីតែ ៦ ម៉ោងមុនពេលគេង ក៏នៅតែពន្យារពេលនៃការចាប់ផ្តើមគេងលក់ឱ្យហួសរំលងអធ្រាត្រ និងរំខានដល់ដំណាក់កាលគេងលក់ស្កប់ (Delta-Wave Sleep) ផងដែរ។
  • ប្រភពចម្បង៖ Drake et al., Journal of Clinical Sleep Medicine (2013)

៧. ការផ្តាច់ភេសជ្ជៈភ្លាមៗ និងអារម្មណ៍ប្រែប្រួល (Abrupt Abstinence & Mood Irritability)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ ការឈប់ទទួលទានភេសជ្ជៈប៉ូវកម្លាំងភ្លាមៗ ក្នុងអំឡុងពេលធ្វើពលកម្មធ្ងន់ធ្ងរ បង្កឱ្យកើតមានអាការៈផ្តាច់សារធាតុភ្ញោចស្រួចស្រាវ ដូចជាការល្វើយខួរក្បាល ប្រែប្រួលអារម្មណ៍លឿន និងមួលម៉ៅខ្លាំង ដោយសាររាងកាយទាមទារកម្រិតជាតិភ្ញោចដែលវាធ្លាប់ទទួលបាន។
  • ប្រភពចម្បង៖ Juliano & Griffiths, Psychopharmacology (2004)

៨. ភាពរសើបនៃប្រព័ន្ធអតិសុខុមប្រាណក្រោយការផ្អាកយូរ (Microbiome Sensitivity After Long-Term Abstinence)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ ការទទួលទានអាហារស្អាត និងធម្មជាតិរយៈពេល ៣ ឆ្នាំ (ដូចជាទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ) បានផ្លាស់ប្តូររចនាសម្ព័ន្ធអតិសុខុមប្រាណក្នុងពោះវៀនទាំងស្រុង។ ការហូបភេសជ្ជៈផ្អែមខាប់ និងកែច្នៃឡើងវិញភ្លាមៗ បានបង្កជាការប៉ះទង្គិចដល់ប្រព័ន្ធរាងកាយស្រួចស្រាវ ដោយសារបាក់តេរីពោះវៀន និងជញ្ជាំងពោះវៀនលែងមានសមត្ថភាពសម្របខ្លួនដើម្បីរំលាយវាបានរលូនដូចមុនទៀតហើយ។
  • ប្រភពចម្បង៖ David et al., Nature (2014)

៩. ការញៀនជំនួស៖ ពីបារីទៅជាស្ករ (Cross-Addiction: Nicotine to Sugar)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ នៅពេលផ្តាច់សារធាតុនីកូទីនពីបារី ប្រព័ន្ធរង្វាន់របស់ខួរក្បាលនឹងស្វែងរកសារធាតុជំនួសភ្លាមៗ។ មនុស្សជាច្រើនតែងតែប្តូរពីការញៀនបារីមកជាការឃ្លានជាតិស្ករចម្រាញ់វិញ ដោយប្រើប្រាស់កាបូអ៊ីដ្រាតសាមញ្ញដើម្បីដាស់សារធាតុដូប៉ាមីន និងរក្សាការផ្ដោតអារម្មណ៍ក្នុងអំឡុងពេលធ្វើការងារផ្លាស់វេន។
  • ប្រភពចម្បង៖ Spring et al., Journal of Consulting and Clinical Psychology (2003)

១០. ស្ត្រេសផ្លូវចិត្ត និងការធ្លាក់ចូលក្នុងការញៀនឡើងវិញ (Psychological Stress & Substance Relapse)

  • ភស្តុតាងវិទ្យាសាស្ត្រ៖ វិបត្តិក្តៅក្រហាយផ្លូវចិត្តធ្ងន់ធ្ងរ (ដូចជាការបែកបាក់ស្នេហា ឬការខូចចិត្ត) ជំរុញឱ្យប្រព័ន្ធអ័រម៉ូនស្ត្រេស (HPA\ Axis) ធ្វើការខ្លាំង។ សម្ពាធផ្លូវចិត្តនេះបានបំផ្លាញសមត្ថភាពម្ចាស់ការលើខ្លួនឯង ដែលជំរុញឱ្យធ្លាក់ចូលទៅក្នុងទម្លាប់អាក្រក់ចាស់ៗវិញ ដូចជាការជក់បារី និងការផឹកស្រាក្រាស់ក្រែល ដើម្បីសម្រាលទុក្ខ។
  • ប្រភពចម្បង៖ Sinha, Psychopharmacology (2001)
SMR Organic Farm

"A farm where nature, plants, struggle and love grow together"

We warmly welcome you to connect with SMR Organic Coffee Farm, nestled in the peaceful slopes of Mondulkiri Province. Please write to us if you have any questions or want to explore with our project

📍 Loakar Village, Sokum Commune
Senmonorom City, Mondulkiri Province, Cambodia Phone Number WhatsApp & Telegram (+855) 078 53 50 25 / (+855) 077 49 85 30