ជា តាគីហ៊ីរ៉ូ ​​​ English I ភាសាខ្មែរ

Photo by Copilot

លោក ប៉ាស្ទ័រ និងជំងឺឆ្កែឆ្កួត

មនុស្សតិចណាស់នៅប្រទេសកម្ពុជាដែលមិនស្គាល់ លោក ល្វី ប៉ាស្ទ័រ ជាអ្នកណាឱ្យប្រាកដនោះ។ តែមនុស្សភាគច្រើនបានស្គាល់វិទ្យាស្ថានប៉ាស្ទ័រ ដែលគេហៅតៗគ្នាក្រៅផ្លូវការថា «មន្ទីរពេទ្យប៉ាស្ទ័រ» ដែលជាទីកន្លែងផ្តល់វ៉ាក់សាំងចំពោះករណីមានសត្វចិញ្ចឹមខាំ ជាពិសេសសត្វឆ្កែ ឬឆ្មាខាំ។ ព្រោះប្រជាជនកម្ពុជាបានស្គាល់ជំងឺឆ្កែឆ្កួតយ៉ាងច្បាស់ថាវាសាហាវកម្រិតណា ហើយជនរងគ្រោះនឹងទទួលរងសេចក្តីវេទនាឈឺចាប់បំផុត។ លោក ល្វី ប៉ាស្ទ័រ គឺជាអ្នករកឃើញថ្នាំវ៉ាក់សាំងព្យាបាលជំងឺឆ្កែឆ្កួតមុនគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

រីឯវិទ្យាស្ថានប៉ាស្ទ័រ គឺជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ការអប់រំ និងបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ គ្រូពេទ្យ និងអ្នកស្រាវជ្រាវវ័យក្មេងមកពីគ្រប់ទិសទីលើពិភពលោក ឱ្យក្លាយជាជំនាន់ក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ នៅអំឡុងពេលប្រទេសកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងកូវីដ-១៩ វិទ្យាស្ថាននេះក៏ជាមជ្ឈមណ្ឌលធ្វើតេស្តដ៏សំខាន់ដើម្បីរុករកជំងឺដ៏សាហាវមួយនេះផងដែរ។

ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងសេចក្តីដឹងគុណចំពោះលោក ថ្វីបើលោកបានទទួលមរណភាពយូរលង់ណាស់មកហើយ។ ត្បិតអី កូនស្រីរបស់ខ្ញុំ ក៏ទទួលបានសេវាចាក់ថ្នាំឆ្កែឆ្កួត និងការតាមដានត្រួតពិនិត្យពីក្រុមគ្រូពេទ្យ ក្រោយពេលសត្វស្វាក្រញៅនាង។ ខ្ញុំជឿជាក់ថា តាមរយៈសកម្មភាពការងាររបស់វិទ្យាស្ថានប៉ាស្ទ័រ បានជួយទប់ស្កាត់ជំងឺឆ្កែឆ្កួតជាអតិបរិមា្នក្នុងប្រទេសកម្ពុជា។

លោក ល្វី ប៉ាស្ទ័រ (Louis Pasteur) កើតនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ១៨២២ នៅក្នុងក្រុង ដូល (Dole) ប្រទេសបារាំង (France)។ ឪពុករបស់លោកឈ្មោះ ហ្សង់-ហ្សូសែហ្វ ប៉ាស្ទ័រ (Jean-Joseph Pasteur) ជាអតីតទាហានរបស់អធិរាជ ណាប៉ូឡេអុង (Napoleon) និងជាជាងកែច្នៃស្បែកសត្វ។

លោកជាអ្នកគីមីវិទ្យា និងអ្នករូបវិទ្យាជនជាតិបារាំង ដែលដើមឡើយផ្តោតលើការសិក្សាទម្រង់គ្រីស្តាល់នៃសារធាតុគីមី។ ការសិក្សាលើទម្រង់គ្រីស្តាល់នេះ គឺការស្វែងយល់ពីរបៀបដែលម៉ូលេគុលនៃសារធាតុផ្សំគ្នាក្នុងលំហ (ដូចជាការរកឃើញភាពខុសគ្នានៃរចនាសម្ព័ន្ធអាស៊ីតអាតទ្រីក)។ វាហាក់ដូចជារឿងចៃដន្យក្នុងប្រវត្តិសាស្ត្រមនុស្សជាតិរបស់យើង ព្រោះលោក ប៉ាស្ទ័រ ហាក់មិនបានចាប់អារម្មណ៍ ឬយកចិត្តទុកដាក់លើផ្នែកជីវវិទ្យានោះឡើយ។

លោក ប៉ាស្ទ័រ បំពេញការងារជាប្រធានមន្ទីរពិសោធន៍ស្រាវជ្រាវវិទ្យាសាស្ត្រ នៅសាលាគរុកោសល្យជាន់ខ្ពស់ក្រុងប៉ារីស (École Normale Supérieure ENS) ដែលជាមហាវិទ្យាល័យរដ្ឋដ៏ល្បីល្បាញបំផុតមួយនៃប្រទេសបារាំង។ លោកបានបង្កើតមន្ទីរពិសោធន៍ផ្ទាល់ខ្លួនមួយឈ្មោះថា រី ឌ៊ុលម( Laboratoire de la Rue d’Ulm) នៅក្នុងបរិវេណសាលានោះ។ ទោះបីជាមន្ទីរពិសោធន៍នេះស្ថិតក្នុងសាលារដ្ឋក៏ដោយ ប៉ុន្តែលោក ប៉ាស្ទ័រ មានសិទ្ធិស្វ័យត និងសេរីភាពពេញលេញក្នុងការជ្រើសរើសប្រធានបទសិក្សាស្រាវជ្រាវ។

នៅឆ្នាំ ១៨៥៦ ម្ចាស់រោងចក្រផលិតស្រាម្នាក់នៅក្រុង លីល (Lille) បានពឹងពាក់លោកឱ្យជួយដោះស្រាយវិបត្តិដ៏ធំមួយរបស់សហគ្រាស ព្រោះថាស្រាដែលគាត់បានបិទ និងផ្អាប់តាមវិធីសាស្ត្រដែលគាត់ធ្លាប់ធ្វើកន្លងមក ប្រែទៅជាជូរខូចអស់។ រោងចក្រចង់ឱ្យលោក ប៉ាស្ទ័រ រកឱ្យឃើញពីមូលហេតុដែលធ្វើឱ្យស្រាប្រែជាជូរខូច និងរកវិធីសាស្ត្រដើម្បីដោះស្រាយ។

លោក ប៉ាស្ទ័រ បានពិនិត្យតាមមីក្រូទស្សន៍ ឃើញថា កោសិកាអតិសុខុមប្រាណមេដំបែ (Yeast) ដែលមានរាងមូល គឺជាអ្នកបង្កើតអាល់កុលល្អ ប៉ុន្តែបាក់តេរីរូបរាងវែង (Rod-shaped bacteria) គឺជាអ្នកបង្កឱ្យស្រាជូរខូច។ លោកបានផ្តល់ដំណោះស្រាយដល់ម្ចាស់រោងចក្រ ដោយរកវិធីសាស្ត្រកម្ចាត់បាក់តេរីអាក្រក់នោះចេញ។ លោកបានយកស្រាដែលផលិតរួច យកទៅកម្តៅក្នុងសីតុណ្ហភាពត្រឹមតែប្រហែល ៥៥°C ដល់ ៦០°C ក្នុងរយៈពេលខ្លីមួយ។ លោកឃើញថា បាក់តេរីអាក្រក់ត្រូវបានងាប់ ប៉ុន្តែវាពុំបានបំផ្លាញមេដំបែល្អៗ ឬគុណភាពស្រាឡើយ។ ដំណោះស្រាយនេះបានជួយសង្គ្រោះឧស្សាហកម្មស្រានៅសម័យនោះបានទាំងស្រុង។ បច្ចេកទេសរបស់លោក ត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិធីសាស្ត្រសម្លាប់មេរោគអាក្រក់ ក្នុងទឹកដោះគោ ទឹកផ្លែឈើកែច្នៃផ្សេងៗ និងស្រាបៀរ។ ដោយក្តីរំភើបអរ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ល្វី ប៉ាស្ទ័រ គេបានដាក់ឈ្មោះបច្ចេកទេសសម្លាប់មេរោគនេះថា វិធីសម្លាប់មេរោគប៉ាស្ទ័រ (Pasteurization)។

នៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ឧស្សាហកម្មផលិតសូត្រនៅភាគខាងត្បូងប្រទេសបារាំង (ជាពិសេសតំបន់អាឡែស – Alès) គឺជាប្រភពចំណូលសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយសម្រាប់គ្រួសារកសិកររាប់ម៉ឺនគ្រួសារ។ ប៉ុន្តែចាប់ពីឆ្នាំ ១៨៤៥ ជំងឺអាថ៌កំបាំងមួយបានរាតត្បាតលើដង្កូវនាងយ៉ាងសាហាវ។ ដង្កូវនាងចាប់ផ្តើមមានស្នាមអុចៗខ្មៅៗលើស្បែក (ដូចគេរ៉ាយម្រេច) ហើយស្លាប់រាប់លានក្បាល មុនពេលវាអាចបង្កើតកញ្រ្ជែងសូត្រ (Cocoons) បាន។ ទិន្នផលសូត្របារាំងបានធ្លាក់ចុះពី ២៦ លានគីឡូក្រាម មកត្រឹមតែ ៤ លានគីឡូក្រាមប៉ុណ្ណោះ។ កសិដ្ឋានផលិតសូត្រជាច្រើនត្រូវបិទទ្វារ ហើយសេដ្ឋកិច្ចនៅភាគខាងត្បូងបារាំងប្រឈមនឹងការដួលរលំទាំងស្រុង។

ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ រដ្ឋាភិបាលបារាំងក្រោមការដឹកនាំរបស់ព្រះចៅណាប៉ូឡេអុង ទី៣ បានចាត់តាំងលោក ហ្សង់-បាទីស្ដ ឌុយម៉ា (Jean​ Baptiste Dumas) ដែលជាគ្រូដើមរបស់លោក ប៉ាស្ទ័រ និងជាសមាជិកព្រឹទ្ធសភា ឱ្យទៅអញ្ជើញលោក ប៉ាស្ទ័រ មកជួយដោះស្រាយ។ នៅពេលទទួលបានការស្នើសុំ លោក ប៉ាស្ទ័រ បានស្ទាក់ស្ទើរ និងបដិសេធដំបូងដោយពោលថា៖

«ខ្ញុំមិនដែលកាន់ ឬឃើញដង្កូវនាងក្នុងជីវិតខ្ញុំផង! តើឱ្យខ្ញុំទៅជួយដោះស្រាយជំងឺដង្កូវនាងដោយរបៀបណា?»

ប៉ុន្តែលោក ឌុយម៉ា បានឆ្លើយតបវិញថា៖

«នោះហើយគឺជាចំណុចល្អ! ព្រោះអ្នកគ្មានគំនិតចាស់គំរិល! អ្នកនឹងស្គាល់វា ហើយមើលវាដោយភ្នែកវិទ្យាសាស្ត្រពិតប្រាកដ។»

ដោយក្តីគោរពចំពោះគ្រូ និងកាតព្វកិច្ចចំពោះជាតិ លោក ប៉ាស្ទ័រ បានទទួលយកបេសកកម្មនេះ ហើយបានផ្លាស់ទៅរស់នៅទីក្រុងអាឡែស (Alès) ក្នុងឆ្នាំ ១៨៦៥។

លោក ប៉ាស្ទ័រ បានចំណាយពេលជិត ៥ ឆ្នាំ (១៨៦៥–១៨៦៩) នៅក្នុងកសិដ្ឋាន ដើម្បីយកដង្កូវនាង មេអំបៅ និងស៊ុតនាង មកពិនិត្យយ៉ាងលម្អិតក្រោមមីក្រូទស្សន៍។ លោកបានរកឃើញថា ដង្កូវនាងមិនមែនកើតជំងឺតែមួយនោះទេ គឺមានជំងឺ ២ ផ្សេងគ្នាវាយប្រហារក្នុងពេលតែមួយ៖

  1. ជំងឺប៉េប្រ៊ីន (Pébrine)៖ ជាជំងឺកន្ទួលអុចខ្មៅដែលបង្កឡើងដោយប៉ារ៉ាស៊ីតមីក្រូទស្សន៍មួយប្រភេទ (សព្វថ្ងៃហៅថា Nosema bombycis)។ ប៉ារ៉ាស៊ីតនេះអាចឆ្លងពីមេអំបៅមេ ទៅកាន់ស៊ុតកូនៗរបស់វា។
  2. ជំងឺផ្លាឆេរី (Flacherie)៖ ជាជំងឺរលួយពោះដង្កូវនាង ដែលបង្កឡើងដោយបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារ នៅពេលដង្កូវនាងស៊ីស្លឹកមនមិនស្អាត ឬរស់នៅក្នុងបរិស្ថានសើមខ្លាំងពេក។

បន្ទាប់ពីយល់ពីប្រភពដើមនៃជំងឺ លោក ប៉ាស្ទ័រ បានបង្កើតវិធីសាស្ត្របង្ការដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព ១០០%៖ បន្ទាប់ពីមេអំបៅញីបង្កើតស៊ុតរួច គេត្រូវយកមេអំបៅនោះទៅកិនបុក រួចយកទៅពិនិត្យក្រោមមីក្រូទស្សន៍។ ប្រសិនបើឃើញមាន គ្រាប់ប៉ារ៉ាស៊ីត នៅក្នុងខ្លួនមេអំបៅ មានន័យថាស៊ុតរបស់វាក៏មានមេរោគដែរ ដូច្នេះត្រូវដុតកម្ទេចមេអំបៅ និងស៊ុតទាំងនោះចោលភ្លាមៗ។ មានតែស៊ុតដែលកើតចេញពីមេអំបៅគ្មានមេរោគប៉ុណ្ណោះ ដែលត្រូវរក្សាទុកឱ្យកសិករយកទៅចិញ្ចឹម។

វិធីសាស្ត្រនេះបានទប់ស្កាត់ការឆ្លងរាតត្បាតពីជំនាន់មួយទៅជំនាន់មួយទៀតបានទាំងស្រុង ហើយបានសង្គ្រោះឧស្សាហកម្មសូត្ររបស់បារាំង ព្រមទាំងប្រទេសអ៊ីតាលី ឱ្យរស់ឡើងវិញសាជាថ្មី។ វាជាភស្តុតាងដំបូងបង្អស់ដែលបង្ហាញថា មេរោគតូចល្អិតមើលមិនឃើញនឹងភ្នែកទទេ គឺជាអ្នកបង្កជំងឺលើសត្វរស់ ហើយមេរោគនោះអាចឆ្លងតាមខ្យល់ អាហារ និងពូជពង្ស។

បទពិសោធន៍នេះបានធ្វើឱ្យលោក ប៉ាស្ទ័រ ចាកឆ្ងាយពីជំនាញដើមរបស់លោកដែលជាអ្នកគីមីវិទ្យា និងអ្នករូបវិទ្យា មកក្លាយជាអ្នកជីវវិទ្យា។ ប្រហែលជាដោយសារក្រុមកសិករមិនសូវមានចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងពិតជាត្រូវការការគាំទ្រពីលោកទាំងផ្នែកវិទ្យាសាស្ត្រ និងជីវវិទ្យា ទើបលោកមិនអាចត្រឡប់ទៅរកកិច្ចការដែលត្រូវនឹងជំនាញដើមរបស់លោកវិញបាន។ លើសពីនេះ លោកបានបញ្ចូលបច្ចេកទេសបែបគីមី និងរូបវិទ្យា ដើម្បីអភិវឌ្ឍទៅជាវ៉ាក់សាំងការពារជំងឺឆ្លងឱ្យមានប្រសិទ្ធភាព ដែលវាបានបើកទំព័រថ្មីមួយនៃវិទ្យាសាស្ត្រសម័យទំនើបផងដែរ។

នៅចុងសតវត្សរ៍ទី ១៩ ឧស្សាហកម្មចិញ្ចឹមបក្សីនៅប្រទេសបារាំងកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ដោយសារជំងឺអាសន្នរោគមាន់ (Chicken cholera)។ ជំងឺនេះបង្កឡើងដោយបាក់តេរីសាហាវមួយប្រភេទ (បច្ចុប្បន្នគេស្គាល់ថាជា Pasteurella multocida) ដែលធ្វើឱ្យមាន់សំកុក ក្អួតស្លេស និងងាប់អស់រាប់លានក្បាលក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

រដ្ឋាភិបាលបារាំង និងកសិករបានស្នើសុំឱ្យលោក ល្វី ប៉ាស្ទ័រ (Louis Pasteur) និងក្រុមការងាររបស់លោក (រួមមាន លោក អេមីល រ៉ូ – Émile Roux និង លោក ឆាលស៍ ឆែមបឺឡិន – Charles Chamberland) បន្តជួយរកដំណោះស្រាយ ដើម្បីសង្គ្រោះកសិដ្ឋានចិញ្ចឹមសត្វទាំងនោះ។ ដូចការរំពឹងទុក លោក និងក្រុមការងាររបស់លោកបានទទួលយកសំណើ និងចាប់ផ្តើមសិក្សាស្រាវជ្រាវពីជំងឺនោះយ៉ាងសកម្ម។

នៅរដូវក្តៅ ឆ្នាំ ១៨៧៩ មុនពេលលោក ប៉ាស្ទ័រ ចាកចេញពីមន្ទីរពិសោធន៍ដើម្បីទៅសម្រាកលំហែកាយវិស្សមកាល លោកបានបង្គាប់ឱ្យជំនួយការចាត់ចែងរក្សាទុកសំណាកមេរោគឱ្យត្រឹមត្រូវ។ លោកក៏បានទុកសំណាកមេរោគខ្លះឱ្យស្ថិតនៅកន្លែងដែលមានពន្លឺ និងខ្យល់ចេញចូល ព្រោះលោកចង់ដឹងថា តើក្នុងអំឡុងពេលវិស្សមកាលនេះ សំណាកមេរោគទាំងនោះនឹងមានការប្រែប្រួលយ៉ាងដូចម្តេច? ដូចដែលលោកបានគិត ដោយសារអាកាសធាតុក្តៅនៅរដូវក្តៅ បាក់តេរីដែលស្ថិតក្នុងកែវពិសោធន៍នោះបានរងការខូចខាត និងចុះខ្សោយអានុភាពជាបន្តបន្ទាប់។

លោកក៏នឹកឃើញដល់វិធីសាស្ត្ររបស់លោកវេជ្ជបណ្ឌិតអង់គ្លេស អើដវើត ជេននើ (Edward Jenner) ដែលបានរកឃើញវ៉ាក់សាំងជំងឺអុតស្វាយ (Smallpox) កាលពីឆ្នាំ ១៧៩៦ តាមរយៈការយកមេរោគអុតគោ (Cowpox) ដែលស្រាលជាង មកចាក់ការពារមនុស្ស។ លោក ប៉ាស្ទ័រ បានយកបាក់តេរី ចាស់ដែលទុកចោលយូរទាំងនោះ ទៅចាក់បញ្ចូលក្នុងខ្លួនមាន់ដើម្បីធ្វើតេស្ត។

ជាលទ្ធផល មាន់ទាំងនោះគ្រាន់តែមានអាការៈឈឺស្រាលៗ (សំកុក និងចាប់ផ្ដើមស៊ីចំណីបន្តិចម្តងៗ) ប៉ុន្តែមិនបានងាប់ឡើយ។ លោក ប៉ាស្ទ័រ បានគិតថា មាន់ទាំងនោះប្រហែលជាមានភាពស៊ាំ រួចលោកក៏សម្រេចចិត្តយក បាក់តេរីថ្មី និងសាហាវខ្លាំង មកចាក់លើមាន់ទាំងនោះសាជាថ្មី រួមជាមួយនឹងមាន់ថ្មីៗមួយចំនួនទៀតដែលមិនធ្លាប់ត្រូវគេចាក់ថ្នាំសោះ។ លទ្ធផលនៃការពិសោធន៍នេះបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង៖

  • មាន់ថ្មីៗ (ដែលទើបយកមកដាក់បញ្ចូលថ្មី)៖ បានងាប់យ៉ាងឆាប់រហ័សដោយសារជំងឺអាសន្នរោគមាន់។
  • មាន់ចាស់ (ដែលធ្លាប់បានចាក់បាក់តេរីចុះខ្សោយ)៖ នៅតែមានសុខភាពល្អធម្មតា ដើរស៊ីចំណី និងមិនឆ្លងជំងឺសោះឡើយ!

ដើម្បីកត់ត្រានូវរបកគំហើញដ៏អស្ចារ្យនេះ លោក ល្វី ប៉ាស្ទ័រ បានសម្រេចចិត្តយកពាក្យថា “វ៉ាក់សាំង” (Vaccine) (ដែលមកពីភាសាឡាតាំង Vacca ប្រែថា គោ) មកប្រើប្រាស់ជាផ្លូវការសម្រាប់រាល់សារធាតុ ឬមេរោគចុះខ្សោយដែលត្រូវបានចាក់បញ្ចូលដើម្បីការពារជំងឺ។ ការប្រើប្រាស់ពាក្យនេះ គឺដើម្បីជាការផ្តល់កិត្តិយស និងរំលឹកដល់លោកវេជ្ជបណ្ឌិត អើដវើត ជេននើ ដែលជាមនុស្សដំបូងគេបានរកឃើញវិធីសាស្ត្រយកមេរោគស្រាលពីសត្វគោ មកការពារជំងឺអុតស្វាយដល់មនុស្ស។ លោក ល្វី ប៉ាស្ទ័រ និងក្រុមការងាររបស់លោក បានជួយសង្គ្រោះ និងយកឈ្នះលើជំងឺសត្វចិញ្ចឹមជាច្រើន ដែលភាគច្រើនជា ជំងឺរាតត្បាតសាហាវៗ មានន័យថាជាជំងឺដែលងាយឆ្លងឆ្លាលដាលលឿន និងមានអត្រាស្លាប់ខ្ពស់។ ជំងឺទាំងនោះរួមមាន៖

  1. ជំងឺដង្កូវនាង (Silkworm Diseases:​ Pébrine & Flacherie) – ឆ្នាំ ១៨៦៥
  2. ជំងឺអង់ត្រាក់ ឬខាន់ស្លាក់គោចៀម (Anthrax) – ឆ្នាំ ១៨៨១
  3. ជំងឺរលាកស្បែកជ្រូក (Swine Erysipelas) – ឆ្នាំ ១៨៨២

ចុងក្រោយគឺរបកគំហើញដ៏មានតម្លៃបំផុតសម្រាប់មនុស្សជាតិ គឺ វ៉ាក់សាំងជំងឺឆ្កែឆ្កួត។ កាលពីកុមារភាព លោកធ្លាប់បានឃើញសោកនាដកម្មដ៏រន្ធត់ដោយសារឆ្កែចចកមានផ្ទុកជំងឺឆ្កែឆ្កួតមួយក្បាលបានចេញមកខាំអ្នកភូមិ។ អ្នកជំងឺដែលត្រូវឆ្កែចចកនោះខាំ ត្រូវបានគេព្យាបាលដោយវិធីសាស្ត្រដ៏ឃោរឃៅគឺការយកដែកដុតឱ្យក្រហមក្តៅ មកសង្កត់លើចំណុចដែលត្រូវឆ្កែខាំ។ តែចុងក្រោយ អ្នកជំងឺក៏នៅតែមិនអាចសង្គ្រោះបានដដែល។ មុនពេលស្លាប់ អ្នកជំងឺត្រូវទទួលរងនូវសេចក្តីឈឺចាប់វេទនាជាទីបំផុត។

មូលហេតុមួយដែលធ្វើឱ្យលោកខិតខំស្រាវជ្រាវរកវិធីព្យាបាលជំងឺឆ្កែឆ្កួត ព្រោះពេលនោះនៅមិនទាន់មានអ្នកណាម្នាក់អាចព្យាបាលជំងឺនេះបាននៅឡើយទេ។ មានន័យថា គ្រប់គ្នាដែលបានឆ្លងជំងឺឆ្កែឆ្កួត គឺត្រូវស្លាប់ដោយវេទនាជាមិនខាន។ ហើយប្រវត្តិដ៏ជូរចត់របស់លោក ក៏បានជំរុញទឹកចិត្តឱ្យលោកខិតខំធ្វើការងារនេះផងដែរ។

Photo by Copilot

លោកចាប់ផ្តើមសិក្សាដោយផ្តោតលើការព្យាបាលសត្វឆ្កែដែលបានឆ្លងជំងឺឆ្កែឆ្កួតប៉ុណ្ណោះ ដោយយកលំនាំតាមវិធីធ្វើវ៉ាក់សាំងជំងឺអាសន្នរោគមាន់ គឺធ្វើឱ្យមេរោគចុះខ្សោយអានុភាព។ ក្រុមរបស់លោកបានពិសោធន៍ដោយជោគជ័យលើសត្វឆ្កែ ដោយបានចាក់វីរុសដែលលោកបានធ្វើឱ្យចុះខ្សោយអានុភាពរហូតគ្មានសមត្ថភាពវាយប្រហារបាន។ លោកបានចាក់បន្តិចម្ដងៗរាល់ថ្ងៃក្នុងរយៈពេល ១០ ថ្ងៃ ពេលនោះសភាពឆ្កែបានប្រសើរឡើងបន្តិចម្ដងៗ ហើយនៅថ្ងៃចុងក្រោយ លោកបានចាក់វីរុសខ្លាំង (មានអានុភាពពេញលេញ) ចូលទៅ ហើយជាលទ្ធផល ឆ្កែក៏បានជាសះស្បើយ។

សូមត្រឡប់ក្រោយបន្តិច កាលពីឆ្នាំ ១៨៤៨ ពេលលោកកំពុងធ្វើជាសាស្ត្រាចារ្យផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យស្ត្រាសបួ (University of​ Strasbourg) លោកបានជួប និងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយកញ្ញា ម៉ារី ឡូរ៉ង់ (Marie Laurent) ដែលជាកូនស្រីរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យតែម្តង។ ពួកគេបានរៀបការនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ១៨៤៩។

លោកស្រី ម៉ារី មិនត្រឹមតែជាភរិយាប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូជីវិត និងជាជំនួយការម្នាក់ដ៏ស្មោះត្រង់បំផុតក្នុងកិច្ចការវិទ្យាសាស្ត្ររបស់លោក។ គាត់បានជួយកត់ត្រាកំណត់ហេតុពិសោធន៍ សរសេរលិខិតផ្លូវការ និងមើលថែសុខភាពលោក ប៉ាស្ទ័រ យ៉ាងយកចិត្តទុកដាក់បំផុត។ ជាចំណងដៃអាពាហ៍ពិពាហ៍ លោក ប៉ាស្ទ័រ និងភរិយាបានបង្កើតបុត្រាបុត្រីចំនួន ៥ នាក់។ ប៉ុន្តែជោគវាសនា មិនបានផ្តល់សុខសុភមង្គលដល់គ្រួសាររបស់លោករហូតនោះទេ។ រឿងដែលលោកឈឺចាប់ និងសោកសៅបំផុតនោះ កូនៗចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនពោះវៀន (Typhoid​ Fever) ដូចគ្នា៖

  • កូនស្រីច្បង ហ្សង់ (Jeanne) ស្លាប់នៅឆ្នាំ ១៨៥៩ (អាយុ ៩ ឆ្នាំ)
  • កូនស្រីទី៣ កាមីល (Camille) ស្លាប់នៅឆ្នាំ ១៨៦៥ (អាយុ ២ ឆ្នាំ)
  • កូនស្រីទី៥ សេស៊ីល (Cécile) ស្លាប់នៅឆ្នាំ ១៨៦៦ (អាយុ ១២ ឆ្នាំ)

មានតែកូន ២ នាក់ប៉ុណ្ណោះគឺ ហ្សង់-បាទីស កូនប្រុស (Jean Baptiste) និង ម៉ារី-ល្វីស កូនស្រី (Marie Louise) ដែលរស់រានមានជីវិតដល់ធំដឹងក្តី។ ការបាត់បង់កូនស្រីទាំង ៣ នាក់ដោយសារជំងឺឆ្លងដែលគ្មានវិធីព្យាបាលនាសម័យនោះ បានបង្កជាដំបៅផ្លូវចិត្តយ៉ាងជ្រៅ និងជាកម្លាំងរុញច្រានដ៏ធំបំផុតឱ្យលោក ប៉ាស្ទ័រ ប្តេជ្ញាចិត្តស្វែងរកវិធីយកឈ្នះលើមេរោគឆ្លងឱ្យបាន។

រឿងរ៉ាវនៃការសង្គ្រោះជីវិតកុមារ ហ្សូសែហ្វ ម៉ៃស្ទ័រ (Joseph Meister) ក្នុងឆ្នាំ១៨៨៥

នៅខែកក្កដា ឆ្នាំ ១៨៨៥ កុមារប្រុសជនជាតិបារាំងអាយុ ៩ ឆ្នាំម្នាក់ឈ្មោះ ហ្សូសែហ្វ ម៉ៃស្ទ័រ (Joseph Meister) ត្រូវឆ្កែឆ្កួតមួយក្បាលខាំចំនួន ១៤ កន្លែងលើខ្លួនប្រាណយ៉ាងអាណោចអាសូរ។ នៅសម័យនោះ ឱ្យតែត្រូវឆ្កែឆ្កួតខាំ គឺដឹងតែត្រូវស្លាប់ ១០០% ជាមួយការឈឺចាប់វេទនាជាទីបំផុត។ ម្តាយរបស់ ហ្សូសែហ្វ បានសម្រេចចិត្តនាំរូបគេមកជួបលោក ល្វី ប៉ាស្ទ័រ ដើម្បីសុំក្តីសង្ឃឹមចុងក្រោយ។

ពេលនោះ លោក ប៉ាស្ទ័រ ស្ថិតក្នុងស្ថានភាពពិបាកចិត្តយ៉ាងខ្លាំង ព្រោះវ៉ាក់សាំងរបស់លោកមិនទាន់ដែលបានសាកល្បងលើមនុស្សម្តងណាឡើយ (ធ្លាប់ធ្វើតែលើសត្វឆ្កែ)។ ម្យ៉ាងទៀត លោក ប៉ាស្ទ័រ មិនមែនជាវេជ្ជបណ្ឌិតព្យាបាលមនុស្សទេ (លោកជាអ្នកគីមីវិទ្យា និងមីក្រូជីវវិទូ) ដូច្នេះការចាក់ថ្នាំឱ្យមនុស្សអាចធ្វើឱ្យលោកជាប់ទោសទណ្ឌ ប្រសិនបើកុមារនោះស្លាប់ក្នុងដំណើរការនៃការព្យាបាលរបស់លោក។

ដោយសារលោក ប៉ាស្ទ័រ ដឹងខ្លួនថាគ្មានសិទ្ធិចាក់ថ្នាំលើមនុស្ស លោកបានអញ្ជើញគ្រូពេទ្យល្បីៗ ២ រូប គឺលោកវេជ្ជបណ្ឌិត អាល់ហ្វ្រេត វុលពាន (Dr. Alfred Vulpian) និងលោកវេជ្ជបណ្ឌិត ហ្សាក់-ហ្សូសែហ្វ ក្រង់សេ (Dr. Jacques Joseph Grancher) ឱ្យមកពិនិត្យកុមារនោះ។ លោកវេជ្ជបណ្ឌិតទាំងពីរបានអះអាងថា ក្មេងនេះគ្មានផ្លូវរស់ឡើយ ដូច្នេះការចាក់វ៉ាក់សាំងពិសោធន៍របស់លោក ប៉ាស្ទ័រ គឺជា «ក្តីសង្ឃឹមតែមួយគត់» ដើម្បីសង្គ្រោះជីវិតក្មេង។

លោកគ្រូពេទ្យទាំងពីរនោះហើយជាអ្នកទទួលខុសត្រូវលើការចាក់ថ្នាំនេះជូនកុមារ ហ្សូសែហ្វ ដោយផ្ទាល់តែម្តង។លោកបានចាក់វ៉ាក់សាំងដែលលោកទើបរកឃើញ ដែលមិនធ្លាប់បានសាកល្បងលើមនុស្សនៅឡើយ លើកុមារ ហ្សូសែហ្វ ក្នុងរយៈពេល ១០ ថ្ងៃ និងបានចាក់វ៉ាក់សាំងសរុបចំនួន ១៣ ដង។ ដោយរាល់ដង លោកបានបង្កើនកម្រិតកំហាប់មេរោគឱ្យកាន់តែខ្លាំងឡើងៗ រហូតដល់ការចាក់ចុងក្រោយ គឺប្រើប្រាស់មេរោគឆ្កែឆ្កួតប្រភេទខ្លាំងបំផុតដែលអាចសម្លាប់សត្វបានភ្លាមៗ។

ស្ថានភាពរបស់កុមារ ហ្សូសែហ្វ បានប្រសើរឡើងបន្តិចម្តងៗ រហូតដល់កុមារនោះបានជាសះស្បើយទាំងស្រុង និងគ្មានសញ្ញានៃជំងឺឆ្កែឆ្កួតនោះឡើយ។ ហ្សូសែហ្វ រូបគេបានរស់រានមានជីវិតរហូតដល់ធំដឹងក្តី និងបានក្លាយជាអ្នកយាមទ្វារនៅវិទ្យាស្ថានប៉ាស្ទ័រ (Pasteur Institute) ដើម្បីសម្តែងការដឹងគុណចំពោះលោក ប៉ាស្ទ័រ ទៀតផង។

ការចាក់វ៉ាក់សាំងបង្ការគឺមានប្រសិទ្ធភាពបំផុត ព្រោះវ៉ាក់សាំងមិនមែនជាអ្នកប្រឆាំងមេរោគឆ្កែឆ្កួតដោយផ្ទាល់នោះទេ។ អ្នកប្រឆាំងមេរោគពិតប្រាកដគឺ អង់ទីគ័រ ក្នុងខ្លួនប្រាណរបស់យើង។ ជាធម្មតា នៅពេលមេរោគចូលក្នុងខ្លួន អង់ទីគ័រនឹងប្រឆាំងភ្លាមៗ ជាពិសេសចំពោះពួកមេរោគ ឬវីរុសដែលខ្លួនប្រាណយើងធ្លាប់ស្គាល់រួច. ប៉ុន្តែចំពោះមេរោគថ្មីដែលខ្លួនយើងមិនធ្លាប់ជួបសោះ វានឹងត្រូវចំណាយពេលសិក្សាសិន ថាតើមេរោគនេះប្រើវិធី និងធ្វើដូចម្តេចទើបអាចកម្ចាត់វាបាន។ ដូចនេះ ការចាក់វ៉ាក់សាំង (ដោយប្រើមេរោគចុះខ្សោយដែលគ្មានសមត្ថភាពបង្កគ្រោះថ្នាក់) គឺជាវិធីបង្ការដ៏ល្អបំផុត។ ព្រោះមេរោគខ្សោយនោះ ហាក់បីដូចជារូបថតរបស់ជនល្មើស ហើយអង់ទីគ័រដែលមានមុខងារប្រឆាំង ប្រៀបបាននឹងប៉ូលិសដែលបានស្គាល់មុខមាត់ជនល្មើសយ៉ាងច្បាស់ និងដឹងពីវិធីប្រឆាំងទប់ទល់ភ្លាមៗ នៅពេលបានជួបជនល្មើសនោះដោយផ្ទាល់។

ការមិនបោះបង់

លោកអ្នកបានអានសាច់រឿងសង្ខេបពេញលេញមួយនេះអំពីជីវិតរបស់លោក ល្វី ប៉ាស្ទ័រ។ គាត់មានជីវិតធម្មតាមួយ ព្រមទាំងមានពេលវេលា ២៤ ម៉ោងដូចយើងដែរ។ គាត់មានគ្រួសារ មានក្តីស្រឡាញ់ ឃើញសេចក្តីសង្វេក និងមានចិត្តអាណិតអាសូរ។ គាត់បានជួបបញ្ហា ធ្វើការជាក្រុមដើម្បីស្វែងរកដំណោះស្រាយ និងរៀនសូត្រពីបទពិសោធន៍ទាំងនោះ។

តើអ្នកគិតថា អ្នកគីមីវិទ្យាម្នាក់ដែលបានប្តូរមកធ្វើការលើវិស័យកសិដ្ឋាន រហូតដល់អាចសម្រេចបាននូវការព្យាបាលជំងឺដ៏សាហាវលើមនុស្ស គឺគ្មានអ្នករិះគន់មែនទេ? អ្នកប្រឆាំងនឹង លោក ល្វី ប៉ាស្ទ័រ ដ៏ធំបំផុត គឺសមាគមគ្រូពេទ្យបារាំងផ្ទាល់តែម្តង។ ជាពិសេសក្រោយពេលលោកចេញផ្សាយ ទ្រឹស្តី «អ្នកបង្ករោគ» ព្រោះគ្រូពេទ្យនៅសម័យនោះមិនជឿថាបាក់តេរីតូចៗដែលយើងមើលមិនឃើញនឹងភ្នែកទទេ អាចសម្លាប់មនុស្សបាននោះទេ។ ពួកគេគិតថាជំងឺគឺកើតឡើងដោយឯកឯង។

នៅក្នុងទ្រឹស្តី «អ្នកបង្ករោគ» លោកបានផ្តល់អនុសាសន៍ឱ្យគ្រូពេទ្យសម្អាតដៃ ឬពាក់ស្រោមដៃអំឡុងពេលព្យាបាលអ្នកជំងឺ និងសម្អាតឧបករណ៍ពេទ្យដោយការស្ងោរសម្លាប់មេរោគ ព្រោះសម្ភារៈទាំងអស់នោះក៏ជាភ្នាក់ងារចម្លងរោគដែរ។ ទ្រឹស្តីនេះត្រូវបានគ្រូពេទ្យមួយចំនួនប្រឆាំងយ៉ាងខ្លាំង។ ការប្រឆាំងដ៏គួរឱ្យចាប់អារម្មណ៍បំផុតគឺ អំឡុងពេលការចាក់ថ្នាំព្យាបាលកុមារ ហ្សូសែហ្វ ដែលតម្រូវឱ្យលោក ប៉ាស្ទ័រ ស្វែងរកជំនួយពីលោកគ្រូពេទ្យជំនាញឱ្យមកចាក់ថ្នាំជំនួសគាត់។ គ្រូពេទ្យដែលប្រឆាំងលោក ប៉ាស្ទ័រ បានហៅវិធីព្យាបាលរបស់លោកថា «ទារុណកម្មដ៏ឃោឃៅ» ព្រោះបានយកមេរោគឆ្កែឆ្កួតទៅចាក់លើក្មេងអាយុ ៩ ឆ្នាំ។ គំនិតប្រឆាំងទាំងនោះ ប្រហែលបណ្តាលមកពីលោកគ្មានសញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ឬជីវវិទ្យា។

ត្រង់ចំណុចនេះ យើងអាចរៀនសូត្របានថា ការគាំទ្រនឹងកើតមានឡើងនៅពេលដែលយើងមាន ភស្តុតាងច្បាស់លាស់ដែលអាចទុកចិត្តបាន។ ថ្វីបើមានក្រុមគ្រូពេទ្យប្រឆាំងនឹងលោក ប៉ាស្ទ័រ ប៉ុន្តែក៏មានក្រុមគ្រូពេទ្យដ៏ទៃទៀតដែលបានគាំទ្រសកម្មភាពរបស់លោកយ៉ាងខ្លាំងក្លាផងដែរ។

លោកមិនបានបោះបង់ឡើយ។ នៅឆ្នាំ ១៨៦៨ (ក្នុងវ័យ ៤៥ ឆ្នាំ) លោក ប៉ាស្ទ័រ បានរងគ្រោះដោយសារអាការៈស្ទះសរសៃឈាមខួរក្បាល (Stroke) យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យរាងកាយផ្នែកខាងឆ្វេងរបស់លោកត្រូវស្ពឹក និងពិការជារៀងរហូត។ ប៉ុន្តែ ខួរក្បាល និងស្មារតីរបស់លោកនៅតែភ្លឺស្វាង និងសកម្មក្រៃលែង។ លោកមិនបណ្តោយឱ្យភាពពិការមួយចំហៀងខ្លួននេះក្លាយជារបាំងរារាំងការស្រាវជ្រាវរបស់លោកនោះឡើយ។ វ៉ាក់សាំងសង្គ្រោះកសិដ្ឋានចិញ្ចឹមជ្រូក គោ ពពែ និងវ៉ាក់សាំងជំងឺឆ្កែឆ្កួត សុទ្ធសឹងតែត្រូវបានរកឃើញ និងសម្រេចបានទោះបីជារាងកាយរបស់លោកមានភាពពិការក៏ដោយ។

ដូចដែល លោក ល្វី ប៉ាស្ទ័រ ធ្លាប់បានពោលពាក្យដ៏មានតម្លៃថា៖

“សំណាងជួយមនុស្សណាដែលបានត្រៀមខ្លួនរួចជាស្រេចប៉ុណ្ណោះ” “Chance favors only the prepared mind.”

ពេញមួយឆាកជីវិតរបស់លោក ល្វី ប៉ាស្ទ័រ លោកត្រូវបានផ្តល់កិត្តិយស និងទទួលបានមេដាយជាន់ខ្ពស់ជាច្រើនពីស្ថាប័នអន្តរជាតិ៖

  • គ្រឿងឥស្សរិយយស ឡេហ្ស្យុង ដូណើរ (Légion d’Honneur – Grand Cross)៖ ជាគ្រឿងឥស្សរិយយសកិត្តិយសខ្ពស់បំផុតនៃប្រទេសបារាំង ដែលរដ្ឋាភិបាលបារាំងបានប្រគល់ជូនលោកសម្រាប់ការបម្រើជាតិ និងមនុស្សជាតិ។
  • មេដាយ កុបផ្លី (Copley Medal – 1874)៖ ប្រគល់ជូនដោយសមាគមរាជវង្សអង់គ្លេស (Royal Society of London) សម្រាប់ស្នាដៃដ៏អស្ចារ្យក្នុងការស្រាវជ្រាវផ្នែកដំណើរការផ្អាប់ និងបាក់តេរី។
  • មេដាយ រាំហ្វដ (Rumford Medal – 1856 & 1892)៖ ទទួលបានចំនួន ២ លើក ពីសមាគមរាជវង្សអង់គ្លេស សម្រាប់ការរកឃើញដ៏សំខាន់ផ្នែកគីមីវិទ្យា និងពន្លឺ។
  • មេដាយ លីវ៉ែនហុក (Leeuwenhoek Medal – 1895)៖ ប្រគល់ជូនដោយបណ្ឌិតសភារាជវង្សហូឡង់ (Royal Netherlands Academy of Arts and Sciences)។ មេដាយនេះជាពានរង្វាន់ខ្ពស់បំផុតលើពិភពលោកផ្នែកអតិសុខុមប្រាណវិទ្យា (Microbiology) ដែលគេប្រគល់ជូនតែ ១ នាក់ប៉ុណ្ណោះក្នុងរយៈពេល ១០ ឆ្នាំម្តង។
  • ពានរង្វាន់ ម៉ុងត្យុង (Montyon Prizes)៖ ទទួលបានជាច្រើនលើកពីបណ្ឌិតសភាវិទ្យាសាស្ត្របារាំង (French Academy of Sciences) សម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ និងការពិសោធន៍វិទ្យាសាស្ត្រ។

វិទ្យាស្ថាន ប៉ាស្ទ័រ (Pasteur Institute)

វិទ្យាស្ថាន ប៉ាស្ទ័រ ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៨៨៧ និងបានបើកសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៨៨៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ បន្ទាប់ពីលោក ប៉ាស្ទ័រ ទទួលបានជោគជ័យក្នុងការបង្កើតវ៉ាក់សាំងជំងឺឆ្កែឆ្កួតលើកដំបូង មនុស្សម្នាមកពីជុំវិញពិភពលោកបានផ្ញើលិខិត និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ (International Public Subscription) ដើម្បីជួយលោកបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយនេះឡើង។ លោក ល្វី ប៉ាស្ទ័រ បានធ្វើជាប្រធានដឹកនាំវិទ្យាស្ថាននេះផ្ទាល់ រហូតដល់លោកទទួលមរណភាពនៅឆ្នាំ ១៨៩៥។

ចាប់តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថាន ប៉ាស្ទ័រ ប្រកាន់ខ្ជាប់នូវបេសកកម្មសសរស្តម្ភចំនួន ៣ យ៉ាងច្បាស់លាស់៖

  1. ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ៖ សិក្សាស្រាវជ្រាវយ៉ាងជ្រៅជ្រះលើមេរោគ វីរុស បាក់តេរី និងជំងឺឆ្លងនានា ដើម្បីបង្កើតវ៉ាក់សាំង វិធីសាស្ត្ររោគវិនិច្ឆ័យ និងឱសថព្យាបាលថ្មីៗ (ដូចជាការរកឃើញវីរុសអេដស៍ $HIV$ ដំបូងគេនៅឆ្នាំ ១៩៨៣ ក៏ដោយសារអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រនេះដែរ)។
  2. សុខភាពសាធារណៈ៖ ចាក់វ៉ាក់សាំងការពារជំងឺ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងសាហាវៗនៅទូទាំងពិភពលោក តាមរយៈបណ្តាញវិទ្យាស្ថានប៉ាស្ទ័រសកល ($Pasteur\ Network$) ដែលមានជាង ៣០ ស្ថាប័នក្នុងប្រទេសផ្សេងៗ (រួមទាំង វិទ្យាស្ថានប៉ាស្ទើរកម្ពុជា – Institut Pasteur du Cambodge ផងដែរ)។
  3. ការអប់រំ និងបណ្តុះបណ្តាល៖ បណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ គ្រូពេទ្យ និងអ្នកស្រាវជ្រាវវ័យក្មេងមកពីគ្រប់ទិសទីលើពិភពលោក ឱ្យក្លាយជាជំនាន់ក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

វិទ្យាស្ថានប៉ាស្ទើរកម្ពុជា

វិទ្យាស្ថានប៉ាស្ទើរកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥៣ និងបានបើកដំណើរការឡើងវិញយ៉ាងផុសផុលនៅឆ្នាំ ១៩៩៥ ក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រប៉ារីស។ ស្ថាប័ននេះមានបេសកកម្មស្នូល ៣ គឺ៖ ការស្រាវជ្រាវវិទ្យាសាស្ត្រលើជំងឺឆ្លង សុខភាពសាធារណៈ និងការបណ្តុះបណ្តាល។

ក្នុងវិបត្តិជំងឺកូវីដ-១៩ វិទ្យាស្ថាននេះគឺជាកន្លែងដំបូងគេបង្អស់ដែលបានរកឃើញ និងបញ្ជាក់រោគវិនិច្ឆ័យលើករណីជំងឺកូវីដ-១៩ ដំបូងគេនៅកម្ពុជា (ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០)។ ប៉ុន្តែកាលពីឆ្នាំ ២០១០ ក្រុមអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានប៉ាស្ទើរកម្ពុជា សហការជាមួយគម្រោងអន្តរជាតិ បានចុះប្រមូលសំណាកពីសត្វ ប្រជៀវព្រៃឈ្មោះ រីណូឡូហ្វូស សាមេលី (Rhinolophus shameli) ក្នុងខេត្តស្ទឹងត្រែង។ បន្ទាប់មក សំណាកទាំងនោះត្រូវបានរក្សាទុកយ៉ាងហ្មត់ចត់នៅក្នុង «ធនាគារសំណាកជីវសាស្ត្រ» ($Biobank$) ក្នុងទូក្លាសេអង្សាសេ −80°C នៅរាជធានីភ្នំពេញ។

បើតាមរបាយការណ៍ស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិដែលត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រពិភពលោក “Nature Communications” និងការសិក្សារបស់ក្រុមការងារបណ្ឌិត ឌួង វាសនា និងបណ្ឌិត Erik Karlsson បានបញ្ជាក់ថា ការយកសំណាកវីរុសកូរ៉ូណា RshST73 និង RshST74 ពីធនាគារសំណាកនៅកម្ពុជាមកធ្វើការបំបែកកូដហ្សែនពេញលេញ (Full Genome Sequencing) បានផ្តល់នូវចំណុចប្រៀបធៀបដ៏មានតម្លៃបំផុត គឺការស្គាល់ពីហ្សែនស្រដៀងគ្នាដល់ទៅ ៩២.៦% ជាមួយវីរុស SARS-CoV-2 ដែលជួយឱ្យសហគមន៍វិទ្យាសាស្ត្រសកលអាចកំណត់ពីបម្រែបម្រួលវិវត្តន៍របស់វីរុស (Evolutionary origins) យល់ដឹងពីចំណុចមិនប្រែប្រួលនៃប្រូតេអ៊ីនកូនសោ (Spike Protein) និងជាមូលដ្ឋានទិន្នន័យគ្រឹះសម្រាប់អ្នកអភិវឌ្ឍន៍វ៉ាក់សាំងប្រភេទ mRNA និងវ៉ាក់សាំងសកល (Pan Coronavirus Vaccines) ក្នុងការត្រៀមទប់ស្កាត់ការឆ្លងរាតត្បាតនាពេលអនាគត។

អត្ថបទនេះត្រូវបានផ្ទៀងផ្ទាត់ និងស្វែងរកប្រភពដើមដោយបញ្ញាសិប្បនិម្មិត (AI)។

ឯកសារយោង និងប្រភពស្រាវជ្រាវប្រវត្តិសាស្ត្រ (References & Sources)

  1. ប្រវត្តិសាស្ត្រ និងជីវប្រវត្តិរបស់ ល្វី ប៉ាស្ទ័រ (Louis Pasteur & Scientific Works):
    • Vallery-Radot, René. The Life of Pasteur. (ជីវប្រវត្តិផ្លូវការ និងកំណត់ត្រាការសិក្សាស្រាវជ្រាវរបស់ ល្វី ប៉ាស្ទ័រ លើជំងឺអាសន្នរោគមាន់ ជំងឺអង់ត្រាក់ និងវ៉ាក់សាំងជំងឺឆ្កែឆ្កួត ១៨៧៩–១៨៨៥)។
    • Geison, Gerald L. The Private Science of Louis Pasteur. Princeton University Press. (ឯកសារវិភាគស៊ីជម្រៅលើដំណើរការពិសោធន៍ និងការប្រឈមមុខដាក់គ្នាជាមួយសមាគមគ្រូពេទ្យបារាំង)។
    • ឯកសារបណ្ណសារប្រវត្តិសាស្ត្ររបស់ វិទ្យាស្ថានប៉ាស្ទ័រ ប៉ារីស (Pasteur Institute Historical Archives) ស្តីពីការព្យាបាលកុមារ ហ្សូសែហ្វ ម៉ៃស្ទ័រ (Joseph Meister) ក្នុងឆ្នាំ ១៨៨៥។
  2. ប្រវត្តិវ៉ាក់សាំងដំបូង (Edward Jenner):
    • The College of Physicians of Philadelphia. History of Vaccines — Edward Jenner and Smallpox Vaccination (1796).
  3. ប្រវត្តិសាស្ត្រ និងបេសកកម្មរបស់ វិទ្យាស្ថានប៉ាស្ទ័រ (Pasteur Institute & Network):
    • ឯកសារស្ថាប័នផ្លូវការរបស់ បណ្តាញវិទ្យាស្ថានប៉ាស្ទ័រសកល (Pasteur Network) ស្តីពីសសរស្តម្ភបេសកកម្មទាំង ៣ (ការស្រាវជ្រាវជីវវេជ្ជសាស្ត្រ សុខភាពសាធារណៈ និងការអប់រំបណ្តុះបណ្តាល)។
    • កំណត់ត្រាប្រវត្តិសាស្ត្រវេជ្ជសាស្ត្រសកល លើការរកឃើញវីរុសអេដស៍ (HIV) ដំបូងបង្អស់នៅឆ្នាំ ១៩៨៣ ដោយក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រ។
  4. វិទ្យាស្ថានប៉ាស្ទើរកម្ពុជា និងការស្រាវជ្រាវវីរុសកូរ៉ូណា (Institut Pasteur du Cambodge – IPC):
    • របាយការណ៍សុខាភិបាលសាធារណៈ និងទិន្នន័យផ្លូវការរបស់ វិទ្យាស្ថានប៉ាស្ទើរកម្ពុជា លើការរកឃើញ និងបញ្ជាក់រោគវិនិច្ឆ័យករណីជំងឺកូវីដ-១៩ ដំបូងគេនៅកម្ពុជា (២៧ មករា ២០២០)។
    • គម្រោងស្រាវជ្រាវអន្តរជាតិ និងការប្រមូលសំណាកពីសត្វប្រជៀវដែកឆ្នាំង (Rhinolophus shameli) ក្នុងខេត្តស្ទឹងត្រែង ឆ្នាំ ២០១០ ដែលរក្សាទុកក្នុងធនាគារសំណាកជីវសាស្ត្រ (Biobank) នៅ −80°C រាជធានីភ្នំពេញ។
    • ទស្សនាវដ្ដីវេជ្ជសាស្ត្រអន្តរជាតិ Nature Communications និងការសិក្សារបស់ក្រុមការងារដឹកនាំដោយ បណ្ឌិត ឌួង វាសនា (Dr. Veasna Duong) និង បណ្ឌិត Erik Karlsson ស្តីពីការវិភាគបំបែកកូដហ្សែនពេញលេញ (Full Genome Sequencing) នៃវីរុសកូរ៉ូណា RshST73 និង RshST74 ដែលមានភាពស្រដៀងគ្នា ៩២.៦% ជាមួយ SARS-CoV-2 សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍវ៉ាក់សាំងសកល (Pan-Coronavirus Vaccines)។
SMR Organic Farm

"A farm where nature, plants, struggle and love grow together"

We warmly welcome you to connect with SMR Organic Coffee Farm, nestled in the peaceful slopes of Mondulkiri Province. Please write to us if you have any questions or want to explore with our project

📍 Loakar Village, Sokum Commune
Senmonorom City, Mondulkiri Province, Cambodia Phone Number WhatsApp & Telegram (+855) 078 53 50 25 / (+855) 077 49 85 30